ព័ត៌មានទាន់ហេតុការណ៍៖

នាំប្រពន្ធកូនទៅហូបចំណីនៅទំនប់១មករា,ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ថា «ផ្ទះបងភ្លើងឆេះ» ពេលមកដល់ផ្ទះវិញបានត្រឹមតែអង្គុយយំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យមួយបានលេបត្របាក់យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យផ្ទះមួយខ្នងឆេះក្លាយជាផេះ។ សមត្ថកិច្ចសង្ស័យទុសេ្សខ្សែភ្លើង។

ហេតុការណ៍គួរឱ្យសោកស្តាយនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី៤ខែ មករា ឆ្នាំ២០២៤នេះគេឃើញអាជ្ញាធរស្រុកនិងសាខាកាកបាទក្រហមបានយកអំណោយមួយចំនួនទៅចែកជូនដល់គ្រួសាររងគ្រោះផងដែរ។

គ្រួសារម្ចាស់ផ្ទះឈ្មោះ គាត ធាងអាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះគាត ស៊ីណាអាយុ៣៨ឆ្នាំ មានកូននៅក្នុងបន្ទុកគ្រួសារចំនួន៤នាក់ ប្រុស១ស្រី៣។

លោក គាត ធាង ជាម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុលោកបាននាំប្រពន្ធកូនទៅហូបអីនៅទំនប់១មករាម្តុំទឹកស្អាតដោយចាក់ សោផ្ទះចោល។ ពេលកំពុងតែហូបអាហារបានមួយសន្ទុះ ស្រាប់មានគេទូរស័ព្ទប្រាប់ថា ភ្លើងកំពុងតែឆេះផ្ទះបង។ លោកក៏ប្រញាប់ត្រឡប់មកមើល។ ពេលលោកមកដល់ផ្ទះ ឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ…។ 

    អ្នកភូមិច្រើននាក់បានមកជួយយ៉ាងច្រើនកុះករដែរ តែដោយសារអំណាចនៃអណ្តាតភ្លើងឆេះខ្លាំងពេកមិនអាចជួយពន្លត់ឈ្នះក៏ឆេះក្លាយជាផេះផង់តែម្តង។ ចំណែករូបលោកបានត្រឹមតែអង្គុយយំទាំងប្តីទាំងប្រពន្ធ។

   សម្ភារទ្រព្យសម្បត្តិដែលភ្លើងឆេះអស់រួមមាន៖ ឆេះផ្ទះ១ខ្នងដែលមានទំហំ៦ម៉ែត្រគុណនឹង៩ ម៉ែត្រ ដំបូលប្រក់ស័ង្កសី, ជញ្ជាំងក្តារ, លុយដុល្លារ១៧០០ដុល្លារ, លុយខ្មែរ២លានរៀល. ស្រូវ១ជង្រុកស្មើ២តោន,ទា១ទ្រុង, ម៉ូតូ១គ្រឿង, កង់៣គ្រឿង, គ្រឿងសង្ហារឹមមួយចំនួនធំនិងសម្ភារជាច្រើនទៀត។ 

ជនរងគ្រោះដោយសារភ្លើងឆេះផ្ទះបានអំពាវនាវទៅដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់ពួកគាត់តាមសទ្ធា ព្រោះពេលនេះពួកគាត់អស់រលីងហើយ៕ 

ដោយ៖ សូរិយា


ចែករំលែក៖