ភ្នំពេញ ៖ ឈាមច្រមុះ គឺជាការហូរឈាមមានប្រភពចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។
ក) មូលហេតុនៃការហូរឈាមច្រមុះ៖
១) មូលហេតុនៅនឹងច្រមុះផ្ទាល់
– ការប៉ះទង្គិចលើមុខ និងក្បាល អាចបណ្តាលអោយបាក់ឆ្អឹងច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹងផ្ទៃមុខ (Fracture du massif facial)
– បន្ទាប់ពីការវះកាត់ (Traumatismes iatrogènes)
– ដុះសាច់ក្នុងរន្ធច្រមុះ
– អាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ (Tumeur de cavum ou de fosse nasale) ដែលស្តែងចេញជាការហូរឈាមពីច្រមុះសារចុះសារឡើង តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខ។
– អាចជាឬសដូងច្រមុះ (Polyposes naso sinusiennes, fibrome naso pharyngien) ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង និងសារចុះសារឡើង រួមនឹងតឹងច្រមុះជាប្រចាំ។
– មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក និងហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ (nez et sinus) ក្នុងនោះមានតាំងពីផ្តាសាយ រលាកច្រមុះ និងបំពង់ក រលាកច្រមុះស្រួចស្រាវ (Rhinites aiguës) ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិនបានចាប់អារម្មណ៍ ហើយវាស្តែងចេញជាការហូរឈាមនេះឡើង នោះការព្យាបាលដោយថ្នាំផ្សះជាតំរូវការចាំបាច់។
២) មូលហេតុមកអំពីវិបត្តិផ្សេងៗ
– ការបាត់បង់កត្តាឈាមកក (Facteures hémostatiques) ក៏ជាមូលហេតុនៃការហូរឈាមក្នុងច្រមុះដែរ ដូចជាជំងឺដែលមានចំនួនប្លាកែតចុះច្រើន (Thrombopénies) ជំងឺឈាមមួយចំនួន (Hémopathies) ជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។
– ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួបញឹកញាប់នៅលើមនុស្សពេញវ័យ។
ការហូរឈាមច្រមុះមានលក្ខណៈជាជំងឺហូរឈាមពីច្រមុះឯកឯងជួបញឹកញាប់លើវ័យជំទង់មានអាយុចន្លោះ ៥ទៅ ២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកំដៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអរម៉ូន នៅពេលពេញវ័យគ្រប់ការ ការមករដូវពេលពពោះ ពេលរំភើប ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺដែលវិវត្តន៍ដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺដែលយើងបានដឹងពីមុនមកហើយ ជួនកាលវាគ្រាន់តែជាការហូរឈាមដោយឯកឯង គ្មានមូលហេតុច្បាស់លាស់។
ខ) រោគសញ្ញា និងការវាយតម្លៃភាពធ្ងន់ធ្ងរ ដែលត្រូវអនុវត្តន៍៖
– វាយតម្លៃការហូរឈាមដែលមានសភាពធ្ងន់ធ្ងរ ឬស្រាលលើបរិមាណឈាមដែលបាត់បង់
– ធ្វើការឃាត់ឈាមដោយមធ្យោបាយផ្សេងៗ
– ពិនិត្យស្រាវជ្រាវរកមូលហេតុនៃការចេញឈាមតាមច្រមុះ
ជាទូទៅយើងអាចសង្កេតឃើញការហូរឈាមមានលក្ខណៈស្រាលប្រមាណ៩០% លើករណី៖
– នៅផ្នែកខាងមុខនៃច្រមុះ ដែលមិនមានភាពធ្ងន់ធ្ងរទេ
– វាមិនមានផលប៉ះពាល់ទៅលើសភាពទូទៅរបស់អ្នកជំងឺឡើយ
– ភាគច្រើនឈាមតែមួយចំហៀង
– បាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះ
ផ្ទុយទៅវិញឈាមច្រមុះ អាចមានសភាពធ្ងន់ធ្ងរប្រមាណ១០% នៃករណី ការវាយតម្លៃពីសភាពធ្ងន់ធ្ងរ អាចមានភាពងាយស្រួល បើអ្នកជំងឺមិនបានលេបឈាមចូលទៅក្នុងពោះ ឬមិនច្រឡំជាមួយក្អួតឈាមៈ
– បរិមាណវាច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ
– មានប្រភពទាំងសង្ខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាងក្រោយបំពង់កផង
– ធ្វើអោយអ្នកជំងឺភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះបន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
គ) ការព្យាបាល៖
១) វិធានការទូទៅ (mesures generals):
– ដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ។
– វាយតំលៃផលប៉ះពាល់លើចលនាឈាមរត់ ស្លេកស្លាំង បែកញើសជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ សំពាធឈាមចុះ។
– ពិនិត្យមើល សញ្ញាស្ទះថប់ផ្លូវដង្ហើម ដែលអ្នកជំងឺ មិនអាចដកដង្ហើមបាន (Détresse respiratoire) ដោយឈាមធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម។
– ឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ រួចត្រូវរកសរសៃឈាមដើម្បីបូមឈាមពិនិត្យផ្នែកមន្ទីរពិសោធន៍ (Bilan biologique) និងបំពេញបរិមាណឈាមដែលបាត់បង់ដោយសេរ៉ូម។
២) វិធានការបន្ទាប់ (Gestes locaux):
ទោះជាបណ្តាលមកពីមូលហេតុអ្វីក៏ដោយ យើងអាចធ្វើការងារពីរយ៉ាងៈ
– សម្អាតយកកំណកឈាមពីក្នុងរន្ធច្រមុះ ដែលជាមូលហេតុបន្តឲ្យឈាមមិនអាចបញ្ឈប់បាន
– ដាក់សំឡី ឬ ស្បៃវែង (Mèches) ចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ដោយទុករយៈពេល ៣ ទៅ ៥ នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើនេះអាចបញ្ឈប់ការហូរឈាមបាន។
ផ្ទុយទៅវិញ បើឈាមនៅតែបន្តហូរមក យើងត្រូវអនុវត្ត ជាដំណាក់ៗ តទៅទៀតៈ
– ច្របាច់ច្រមុះ ដោយម្រាមដៃពីរ: យកមេដៃនិងម្រាមដៃ ទៅលើផ្នែកខាងក្រោមនៃរន្ធច្រមុះរយៈពេល ១០នាទី ទើបលែង ហើយពិនិត្យមើលឡើងវិញ។
– បើឈាមនៅតែបន្តហូរទៅតាមមូលហេតុ យើងអាចដុតចំកន្លែងហូរឈាម ដោយប្រុងប្រយ័ត្ន (Cauterisation chimique ou électrique) ។
ឃ) ដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត៖
លើកលែងតែមូលហេតុការប៉ះទង្គិចលើច្រមុះ មុខ និងក្បាល ដែលយើងមិនអាចចៀសវាងបាន ប៉ុន្តែជំងឺនៅក្នុងរន្ធច្រមុះ ដោយការរលាក (affections de la muqueuse, infection, inflammatoire) យើងអាចអនុវត្តមធ្យោបាយសាមញ្ញមួយចំនួនអាចឲ្យច្រមុះមានសភាពល្អៈ
– ចំណីអាហារហូបចុកសុវត្ថិភាព និងមានលំនឹង (alimentation équilibrée)
– ធ្វើលំហាត់បា្រណឲ្យបានទៀងទាត់ និងរាល់ថ្ងៃ
– បញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ ជាពិសេស Vasoconstricteur et toxeque
– តាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស បើមានជំងឺលើសឈាមកម្រិតខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា