ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ សហគ្រាស​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ស្រុក​ចម្ការ​លើ មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០០ ទៅ ៤០០តោនក្នុងមួយឆ្នាំ

ចែករំលែក៖

 ខេត្ត​កំពង់​ចាម​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅរសៀល​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញត្រួតពិនិត្យការងារនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ដំណាំស្វាយចន្ទីរបស់កសិករ និងសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកចម្ការលើខេត្តកំពង់ចាម កាលពីម្សិលមិញនេះ​ ដោយមាន​ការ​ចូល​រួម​ពី លោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានដំណាំឧស្សាហកម្ម។ 

នៅ​ក្នុង​ដំណើរ​នេះ លោក​រដ្ឋលេខាធិការ​ និង​ក្រុម​ការងារ បាន​ពិនិត្យកសិដ្ឋានចម្ការលើ ដែលកំពុងបណ្តុះកូនដំឡូងមីគ្មានជំងឺនៅក្នុងរោងប្លាស្ទិក សម្រាប់យកទៅដាំពង្រីកនៅទីវាល ដោយ​សង្កេត​ឃើញថាមានដំណើរការល្អ។ ចំណែក ការពិសោធពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកកំពុងដំណើរការ និងរង់ចាំការប្រមូលផលដើម្បីវាយតម្លៃលើទិន្នផល។ ដោយ​ឡែក ពូជស្វាយចន្ទីវិញ កំពុងចេញផ្កានិងមានក្តិបបណ្តើរៗហើយរំពឹង​ថា នឹង​ទទួល​បាន​ទិន្នផលល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។

លោក តូច ប៊ុនហ៊ួរ និង​ក្រុម​ការងារ ក៏​បាន​អញ្ជើញ​ទៅពិនិត្យទីតាំងដីទំនាបទឹកលិចនៅរដូវវស្សា ដែលអាចសាងសង់ជាកន្លែងស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងកសិដ្ឋានបាន បើមានការអភិវឌ្ឍ។

នៅ​ឃុំ​តាអុង ស្រុក​ចម្ការ​លើ​ ម្ចាស់ចម្ការស្វាយចន្ទី បាន​ជម្រាប​ជូន​ឯកឧត្តមរដ្ឋលេខាធិការ និង​ក្រុម​ការងារ អំពីស្ថានភាពដំណាំស្វាយចន្ទីឆ្នាំនេះ ដែលកំពុងចេញចេញផ្កា និងមានក្តិបបណ្តើរៗ។ កសិករជាម្ចាស់ចម្ការ សង្ឃឹមថាឆ្នាំនេះ នឹងអាចទទួល​បាន​ទិន្នផល ប្រសិនបើមិនមានភ្លៀងកក់ខែច្រើន ធ្វើឱ្យ​ជ្រុះផ្កា​ទេ​នោះ​។

ជា​ចុង​ក្រោយ លោករដ្ឋលេខាធិការ​ ក៏​បាន​អញ្ជើញ​ទស្សនា​សហគ្រាសគ្រាប់ស្វាយចន្ទីចម្ការលើ ឡឹង ម៉ានុត ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០០ ទៅ ៤០០តោនក្នុងមួយឆ្នាំ។ បច្ចុប្បន្នសហគ្រាសនៅមានសកម្មភាពបកគ្រាប់ស្វាយចន្ទីនិងកែច្នៃជាប្រចាំ និងនៅមានគ្រាប់ក្នុងស្តុកជិត ១០០តោនទៀត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី តែសម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ៕

ដោយ៖ តារា


ចែករំលែក៖