ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃនេះ កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញយានយន្តល្មើសចំនួន ៤៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍ដដែលបន្តថា ចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧០៤គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ២៣២គ្រឿង និងម៉ូតូ ៤៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩៥គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ១០៤គ្រឿង និងម៉ូតូចំនួន ៣៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៦,៧៣៨គ្រឿង រថយន្តធំ ១០២គ្រឿង រថយន្តតូច ១,២០៤គ្រឿង ម៉ូតូ ៥,៤៣២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៥៨៨គ្រឿង, រថយន្តធំ ៣៣គ្រឿង, រថយន្តតូច ៦១១គ្រឿង និងម៉ូតូ ៣,៩៤៤គ្រឿង (៣,៩៤៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា