ភ្នំពេញ៖ បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរ ក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១០ខែមករាឆ្នាំ២០២៤ផ្តោតសំខាន់លើការប្រមូលធាតុចូល និងការរៀបចំដំណើរប្រព្រឹត្តិទៅនៃកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំនោះលោកទេសរដ្ឋមន្រ្តីលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូមួយលើសកលលោកផ្នែកសកម្មភាពមីន។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការវាយតម្លៃខ្ពស់របស់រដ្ឋភាគី១៦៤ប្រទេស សហគមន៍អន្តរជាតិ និងការទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមរវាងរដ្ឋាភិបាល រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ គណៈប្រតិភូជុំវិញពិភពលោក នឹងមកកាន់កម្ពុជា ដែលវានឹងចូលរួមចំណែកឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមក្នុងសកម្មភាពមីននៅកម្ពុជា ក៏ដូចជានឹងផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយពីផលវិជ្ជមាន ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោក៕
ដោយ៖ សូរិយា