ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលសហរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងស្ថាប័នផ្តល់ដំណោះស្រាយ ការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅវិមានមិត្ដភាព ទីស្ដីការគណៈរដ្ឋមន្រ្ដី។

សិក្ខាសាលានេះមានវាគ្មិនកិត្ដិសយគឺលោកសាស្រ្តាចារ្យ Jeffrey Sachs សេដ្ឋវិទូដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលបច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយ ការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលមកពីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រសួង ស្ថាប័នជាតិ និងអន្ដរជាតិ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង ៥០០នាក់។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានសហការជាមួយស្ថាប័នផ្តល់ដំណោះស្រាយ ការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។

លោក ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្ដរវិស័យ (cross cutting issues) ដែលបានបង្កើតជាបច្ច័យអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងធនធានធម្មជាតិយ៉ាងច្រើន ដូចជា ការបង្កើតឱ្យមានភាពអាសន្នផ្នែកមនុស្សធម៌, ការកាត់បន្ថយផលិតភាពកម្លាំងពលកម្ម, បញ្ហាសុខភាពសាធារណៈ, ការបន្ទច់បង្អាក់វិស័យកសិកម្ម, ជីវភាពរស់នៅ, ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអេកូឡូស៊ីធនធានធម្មជាតិ ។ល។ ដែលរដ្ឋាភិបាលជុំវិញពិភពលោក ត្រូវយកចិត្ដទុកដាក់ខ្ពស់ ព្រមទាំងកំណត់ជាអាទិភាព គោលនយោបាយក្នុងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។

ទន្ទឹមនេះ លោក ឧបនាយករដ្ឋមន្រ្ដីប្រចាំការ សង្កេតឃើញថា ប្រទេសអភិវឌ្ឍន៍មួយចំនួន បានចាប់ផ្ដើមងាកទៅរកការវិភាជធនធានបន្ថែម ដល់ឥន្ធនៈហ្វូស៊ីល ជាជាងទៅប្រភពថាមពលកកើតឡើងវិញ ដែលការណ៍នេះ នឹងបន្ទច់បង្អាក់ដល់វឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសាកល។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយការដាក់ឱ្យអនុវត្ដយុទ្ធសាស្រ្តអព្យាក្រឹតភាពកាបូន, យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនិងគំនិតផ្តួចផ្តើមផ្នែកអាកាសធាតុរបស់អាស៊ាន, អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាដើម ដើម្បីសម្រេចជាប្រទេសផលិតថាមពលស្អាត និងឆ្ពោះទៅការសម្រេចបាននូវអត្រាកាបូនសូន្យនៅក្នុងឆ្នាំ២០៥០ (Net Zero 2050)។ ទោះបីជាយ៉ាងនេះក្ដី ប្រទេសកម្ពុជានៅមានបញ្ហាប្រឈមហិរញ្ញវត្ថុ និងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល ដែលទាមទារឱ្យប្រទេសអភិវឌ្ឍន៍បំពេញកាតព្វកិច្ច និងការសន្យាក្នុងការផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Jeffrey Sachs ក៏បានបានចែករំលែកពីទស្សនៈ និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអន្តរកាលថាមពល ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃការប្តេជ្ញារបស់ប្រទេសទាំងអស់ចំពោះសុខសន្តិភាព, អភិបាលកិច្ចសកល, កិច្ចសហប្រតិបត្តិការសកលដែលមានអង្គការសហប្រជាតិជាកម្លាំងស្នូលដ៏សំខាន់, និម្មាបនកម្មហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា។លោកសាស្រ្តាចារ្យបានបញ្ជាក់ ប្រទេសមហាអំណាច និងប្រទេសមានសេដ្ឋកិច្ចជឿនលឿនមានតួនាទីសំខាន់ណាស់ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល ដោយមិនត្រូវគាំទ្រ និងចំណាយច្រើនក្នុងបុព្វហេតុសង្គ្រាម និងជម្លោះយោធានោះទេ តែត្រូវផ្តល់ហិរញ្ញប្បទានដល់ទំនិញសាធារណៈសកល ដូចជា ការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយភាពក្រីក្រ និងសុខសន្តិភាពជាដើម។ល។

សម្រាប់កម្ពុជា លោកសាស្រ្តាចារ្យ បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ទាំងក្នុងកម្រិតជាតិ តំបន់ និងសកល និងបានផ្តល់ជាអនុសាសន៍ មានជាអាទិ៍ការរក្សាសុខសន្តិភាព, ការធានាអភិបាលកិច្ចល្អ, ការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបច្ចេកវិទ្យា ហើយត្រូវខិតខំចូលរួមឱ្យបានជាអតិបរមា ក្នុងក្របខណ្ឌអាស៊ាន ដើម្បីធានាអំណាចនៃការចចារក្នុងឆាកអន្តរជាតិ ដើម្បីបុព្វហេតុការអភិវឌ្ឍប្រកបដោយចីរភាព និងអន្តរកាលថាមពល។

សិក្ខាសាលានេះ ក៏បានការចូលរួមយ៉ាងសកម្មរស់រវើក និងការពិភាក្សាយ៉ាងផុសផុលពីសំណាក់សិក្ខាកាម និងបញ្ចប់ដោយសេចក្ដីសមោនស្សរីករាយ ក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល និងភាតរភាព៕

ដោយ ៖ សិលា


ចែករំលែក៖