ភ្នំពេញ៖ ឈានមកទល់ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរនីតិវិធី បើកការស៊ើបសួរទៅលើលោក ខេង យ័ន អតីតអភិបាលក្រុងកែប ដែលជាប់ពាក់ព័ន្ធបទល្មើស ការរំលោភអំណាច និងសម្អាតប្រាក់។
បើតាមការបញ្ជាក់ពីមន្រ្តីពាក់ព័ន្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅកាន់សាលាដំបូងរាជធានី នៅរសៀលថ្ងៃទី១៣ ខែមករានេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន។
ករណីឃាត់ខ្លួនអភិបាលក្រុងកែបរូបនេះ ពាក់ព័ន្ធនឹងករណី ACU បានកសាងសំណុំរឿងស្នើសុំព្រះរាជអាជ្ញាពិនិត្យ និងចោទប្រកាន់អំពីការរំលោភអំណាច និងសម្អាតប្រាក់។
គួរជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី១២ មករាម្សិលមិញនេះថា៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សម្តេចធិបតី បានលើកឡើងថា៖ ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន ៕
ដោយ៖ រ៉ារ៉ា