ព័ត៌មានទាន់ហេតុការណ៍៖

ជើងហោះហើរសរុបជាង២.០០០ជើងនៅអាមេរិកត្រូវបានលុបចោលដោយសារព្យុះរដូវរងាដ៏ធំមួយ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិកបានសម្រេចចិត្តលុបចោលជើងហោះហើរសរុបច្រើនជាង២,០០០ជើង បន្ទាប់ពីព្យុះរដូវរងាយ៉ាងធំមួយ បានបង្កឱ្យដាច់បណ្តាញចរន្តអគ្គិសនីនិងប៉ះពាល់ដល់អាជីវកម្មនៅក្នុងរដ្ឋសរុបចំនួន១២ ខណៈអាកាសធាតុត្រូវបានព្យាករថា នឹងចុះត្រជាក់កាន់តែខ្លាំងអំឡុងចុងសប្តាហ៍។
ទិន្នន័យពីវែបសាយតាមដានជើងហោះហើរពិភពលោក FlightAware បានបង្ហាញឱ្យឃើញថា ជើងហោះហើរសរុបចំនួន២,០៥៨ជើង ត្រូវបានលុបចោល ហើយចំនួន៥,៨៤៦ជើងផ្សេងទៀតត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ នៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោលជើងហោះហើរច្រើនជាងគេ គឺ Southwest Airlines (៤០១ជើង) ហើយបន្ទាប់គឺ SkyWest (៣៥៨ជើង)។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលអាកាសចរណ៍ស៉ីវិលអាមេរិក FAA បានចេញសារព្រមានថា ដុំពពក ព្រិល និងសម្ពាធខ្យល់អាចនឹងពន្យារពេលជើងហោះហើរនៅតាមអាកាសយានដ្ឋានមួយចំនួន។
ព្យុះរដូវរងាកំពុងគ្របដណ្តប់លើផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈបើយោងតាមព្យាកររបស់អាជ្ញាធរឧតុនិយមអាមេរិក អាកាសធាតុបែបនេះទំនងជានឹងបន្តពេញមួយសប្តាហ៍នេះ ហើយសីតុណ្ហភាពកាន់តែចុះត្រជាក់ខ្លាំង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងលើតំបន់ភាគខាងកើត និងព្រិលកម្រាស់ក្រាស់លើតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​៖ NPA


ចែករំលែក៖