ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកសារព័ត៌មានរាយការណ៍ភ្លាមកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបបានភ្លាមគោយន្តកែច្នៃចំនួន២គ្រឿងដឹកឈើចេញពីព្រៃឡង់

ចែករំលែក៖

ខេត្តក្រចេះ ៖ គោយន្តកន្ត្រៃ២គ្រឿងដឹកឈើសរុបប្រហែល៨ទៅ១០ម៉ែត្រគូបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបភ្លាមៗក្រោយពីអ្នកកាសែតបានបានរាយការណ៍។

ការបង្ក្រាបគោយន្តកន្ត្រៃពីរគ្រឿងដឹកឈើនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ខែមករាឆ្នាំ២០២៤ដែលក្រុមអ្នកកាសែតបានប្រទះឃើញចេញពីព្រៃឡង់មកដល់ចំណុចអូរស្ទឹងឆ្លាំង ភូមិត្រាំដុម ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ។

តាមប្រភពថា កន្លងមកក្រុមឈ្មួញតែងតែលួចឆ្មក់ដឹកជញ្ជូនឈើពីចំណុចព្រៃឡង់ ឆ្លងកាត់ចំណុចអង្ក្រងសាបឆ្ពោះទៅស្រុកព្រែកប្រសព្វ និងខេត្តផ្សេងៗទៀត ជាហូរហែរហូតមក តែគ្មានកម្លាំងបង្ក្រាបនោះទេ។ មិនមានការបង្ក្រាបប្រហែលដោយសារតែកម្លាំងជំនាញមានការពាក់ព័ន្ធហើយមើលទៅ?

តែពេលនេះកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានហើយតាមរយៈបងប្អូនអ្នកសារព័ត៌មានបានរាយការណ៍។

ការរាយការណ៍នាពេលកន្លងមកនោះកម្លាំងជំនាញពាក់ព័ន្ធតែងមានការយឺតយ៉ាវធ្វើឱ្យក្រុមឈ្មួញតែងបើកបររត់គេចរួចខ្លួនបាត់។ ប៉ុន្តែលើកនេះ មិនអាចរត់រួចទេដោយមានការតាមឃ្លាំមើលរហូតនិងរាយការណ៍ជូនជំនាញកងរាជអាវុធហត្ថខេត្ត ទើបកម្លាំង បញ្ចេញកណ្ដាប់ដៃដែកបង្ក្រាបបានតែម្តងរួចក៏បានបញ្ជូនគោយន្តកន្ត្រៃទាំង២ គ្រឿងនោះប្រគល់ឲ្យស្នាក់ការបរិស្ថានស្រែវាលដើម្បីរក្សាទុក។

ទោះជាយ៉ាងណាក្រុមអ្នកសារព័ត៌មានក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

ដល់កងកម្លាំងអាវុធហត្ថខេត្តក្រចេះដែលបានប្រឹងប្រែងដុតដៃដុតជើងសហការដើម្បីបង្ក្រាបទល្មើសនេះបានផងដែរ។

ក្នុងពេលបង្ក្រាបនោះក្រុមឈ្មួញបានរត់គេចខ្លួនបាត់ តែទោះជាយ៉ាងណាក៏កម្លាំងកំពុងចុះស្រាវជ្រាវតាមដានស៊ើបអង្កេតរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើដែលជាការការពារទប់ស្កាត់មិនឱ្យមានបទល្មើសកើតឡើងបន្តទៀតដែរក្នុងព្រៃឡង់នោះ។

យើងសង្ឃឹមថា បទល្មើសមួយនេះមន្ត្រីជំនាញពាក់ព័ន្ធក្នុងព្រៃឡង់មិនជាប់ពាក់ព័ន្ធក្នុងការស៊ីសំណូកសូកប៉ាន់ពីក្រុមឈ្មួញឈើទាំងអស់នេាះទៅចុះ និងពលរដ្ឋក៏កំពុងរង់ចាំតាមដានបន្តទៀតតើនឹងទទួលបានលទ្ធផលបែបណា…..?៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖