ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកម៉ូតូលឿនទៅបុករថយន្តបណ្ដាលឱ្យរងរបួសធ្ងន់ ដឹកចូលពេទ្យស្លាប់ អ្នកបើករថយន្តត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានក្រុងបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ដ ដោយអ្នកបើកបរម៉ូតូបើកទៅបុករថយន្តកំពុងតែបើកនៅលេីផ្លូវជាតិលេខ៥៧ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ កន្លែងកើតហេតុស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ចំណុចផ្លូវបំបែកជាបួនចម្ការកាហ្វេ ក្នុងភូមិអូរច្រាកេីត សង្កាត់ទួលល្វា  ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យបុរសអ្នកបើកម៉ូតូស្លាប់ រីឯអ្នកបើកបររថយន្តគ្មានរបួសឡើយ, ខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿងនិងខូចខាតរថយន្ដកម្រិតមធ្យម០១គ្រឿង ។

សមត្ថកិច្ចជំនាញបានបន្តថា អ្នកបង្កនិងអ្នករងគ្រោះមានដូចខាងក្រោម៖

ទី១-អ្នកបើករថយន្តឈ្មោះ តែម សុីម៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(គ្មានរបួស)បើកបររថយន្ដម៉ាក ហាយឡេនឌ័រ ពណ៌កណ្ដុរល្មែះ  ស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញAN-3402 (រថយន្តខូចខាតកម្រិតមធ្យម)បើកបរក្នុងទិសដៅពីលិចទៅកេីត។

២-អ្នកបើកម៉ូតូឈ្មោះ ពួក ពែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន) បេីកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AQ-5841(ម៉ូតូខូចខាតកម្រិតមធ្យម) បើកបរក្នុងទិសដៅពីត្បូងទៅជេីងឆ្លងផ្លូវ។

បច្ចុប្បន្ន សពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយសាច់ញាតិបងប្អូនបានមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចនគរបាលជំនាញបានបន្តទៀតថា ករណីខាងលើ មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ដោយភាគីម៉ូតូបេីកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹងឆ្លងផ្លូវមិនគោរពផ្លូវអាទិភាព បណ្ដាលឱ្យបុករថយន្ដរបស់ជនរងគ្រោះ។

 ករណី​ខាងលេី​នេះ​ កម្លាំងផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖