ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការរបស់ខ្លួន ដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ  ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដោយសហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក., តំណាងអង្គការអុកស្វាមប្រចាំកម្ពុជា, តំណាងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៤០ អង្គភាព ដែលបាននិងកំពុងធ្វើការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺ ៖

ទី១- ដើម្បីផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។

និងទី២- ពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការជាមួយគ្នាក្នុងកិច្ចដំណើរការក្នុងការជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.បានគូសបញ្ជាក់ថា ជាទិសដៅការងារទៅមុខ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើសសរស្តម្ភ ចំនួន ២ គឺសសរស្តម្ភទី១- ការកែទម្រង់ប្រព័ន្ធតុលាការដោយផ្តោតលើគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស និងផ្តោតលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និងភាពត្រឹមត្រូវ និងសសរស្តម្ភទី២- ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈងាយស្រួល សម្បូរបែប និងដោះស្រាយបញ្ចប់វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាកិច្ចការអាទិភាពមួយនៃគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ និងជាការបោះជំហានថ្មីមួយក្នុងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា។ 

 ក្រោយពីបានស្តាប់បទបង្ហាញលើប្រធានបទចំនួន ២ ៖ 

(ទី១)- អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។

និង(ទី២)- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ក្រុមគោលដៅជាក្រុមជនជាតិដើមភាគតិច និងក្រុមអ្នករស់នៅតំបន់ដាច់ស្រយាល, អង្គប្រជុំក៏មានវេទិកាពិភាក្សាបើកទូលាយ ក្រោមការដឹកនាំដោយផ្ទាល់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមអាចលើកទ្បើងអំពីសំណួរ សំណូមពរ មតិយោបល់ និងការយល់ឃើញជុំវិញកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ 

តាមរយៈកិច្ចសន្ទនាដោយបើកទូលាយខាងលើ ជារួមតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍បានសម្តែងនូវការសាទរ និងការគាំទ្រដល់ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបង្ហាញនូវ ឆន្ទៈក្នុងការចូលរួមសហការជាមួយស្ថាប័នថ្មីនេះ ក្នុងបេសកកម្មចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានចាត់ទុក អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាដៃគូសហការដ៏សំខាន់មួយរបស់ អ.ដ.ក. ហើយការចូលរួមរបស់តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងកិច្ចប្រជុំនេះ ពិតជាបង្ហាញឱ្យឃើញពីការគំាទ្រដ៏មានសារសំខាន់ដល់កិច្ចដំណើរការរបស់ អ.ដ.ក. ដើម្បីអាចឈានទៅសម្រេចបាននូវបេសកកម្មចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ សំដៅជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖