ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anatoly Borovik (អាណាតូលី បូរ៉ូវីក) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខទៅវិញទៅមក ដើម្បីរក្សាបាននូវភាពសុខសាន្ដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្ដើម លោក Anatoly Borovik បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយរលូត តម្លាភាព សេរីត្រឹមត្រូវ សន្ដិភាព និងគ្មានអំពើហិង្សា។ ក្នុងនោះ ក៏បានធ្វើការកោតសរសើរចំពោះសមិទ្ធផលរយៈពេល៤ខែ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ក្នុងនាមរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៉ី លោកបានអះអាងថា រុស្ស៉ីតែងតែចាត់ទុកកម្ពុជា ជាដៃគូមួយក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ជាពិសេសលើការងារជំនាញសន្ដិសុខ ប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងគ្រប់ប្រភេទ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលរុស្ស៉ី នៅតែរក្សាជំហរក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ដ្រីកម្ពុជា លើជំនាញសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងភេរវកម្ម ប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្ដផ្លាស់ប្ដូរព័ត៌មានចារកម្មនានាដើម្បីបម្រើដល់សន្ដិសុខជាតិផងដែរ។
ជាការឆ្លើយតប លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រដែលរុស្ស៉ីបានជួយដល់កម្ពុជានាពេលកន្លងមក ហើយបើគិតចាប់ពីពេលកម្ពុជា ឆ្លងផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺរុស្ស៉ីបានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ ទាំងស្មារតី សម្ភារ និងការបណ្ដុះបណ្ដាលជាដើម។
លោកសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការផ្លាស់ប្ដូរព័ត៌មាននានា ដើម្បីទប់ស្កាត់នូវរាល់បទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាឧក្រិដ្ឋនានាផងដែរ ដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
ជារួមក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរកម្ពុជា-រុស្ស៉ី បានឯកភាពគ្នាបន្ដសហការលើការងារបណ្ដុះបណ្ដាល សម្ភារបច្ចេកទេស ដល់មន្ដ្រីនគរបាលកម្ពុជា និងជំរុញឲ្យមានអនុស្សារណៈនៃការយោគល់គ្នារវាងប្រទេសពីរផងដែរ ដើម្បីផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ខណៈរុស្ស៉ី ប្រកាសជំហរថា នឹងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល លើជំនាញប្រឆាំងគ្រឿងញៀន និងជំនាញសំខាន់ៗផ្សេងៗទៀត៕
ដោយ ៖ សិលា