ភ្នំពេញ៖ ដោយសារតែភ្លើងប្រចណ្ឌ បុរសម្នាក់បានយកញញួរវាយសម្លាប់ស្ត្រីជាប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ រួចសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់។ ករណីនេះ បានកើតឡើងនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ បរមី អាយុជាង៣០ឆ្នាំ មានកូនស្រីអាយុ០៥ឆ្នាំម្នាក់។
ជាការកត់សម្គាល់នៅនឹងកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញក្រដាសមួយសន្លឹកដោយមានសរសេរអក្សរថា ៖ “ស្រីផិតប្តី”។ ក្រៅពីនេះ សមត្ថកិច្ចបានរកឃើញញញួរមួយប្រឡាក់ដោយឈាមនៅក្បែរសាកសពស្ត្រីរងគ្រោះ។ រីឯបុរសជាប្តីដេកបែកពពុះមាត់ដោយលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឱ្យដឹងថា តាមការសន្និដ្ឋានបឋម ករណីឃាតកម្មនេះអាចបណ្តាលមកពីភ្លើងប្រចណ្ឌ ដោយសមត្ថកិច្ចបានឃើញក្រដាសមួយសន្លឹកសរសេរថា “ស្រីផិតប្តី”៕
ដោយ៖ ជ្រោយពេជ្រ