ប្រទេសបារាំង៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤ បានទទួលជួបជាមួយ លោក Rodolphe SAADE ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CMA CGM ដើម្បីពិភាក្សាការងារ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្រុមហ៊ុន CMA CGM មានការិយាល័យច្រើនជាង ៤០០ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួនច្រើនជាង ១៦០ប្រទេសទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនច្រើនជាង ៦២៣កប៉ាល់ ដែលបានប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្ម ចំនួន ៤២០ក្នុងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏មានយន្តហោះ ដឹកទំនិញចំនួន ៦ រួមមាន៖ Airbus A330-200F ចំនួន ០៤ និង Boeing 777 ចំនួន ០២។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ជាទិញនូវ Airbus A350F ចំនួន ០៤ បន្ថែមផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាភស្តុភារកម្ម (end-to-end logistics), សេវាតាមដានពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, មានជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ៕
ដោយ៖ តារា