ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ បានដឹកនាំសមាជិកគណៈបញ្ជាការ ជួបប្រជុំការងារជាមួយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ដើម្បីស្នើសុំកិច្ចសហការពីអង្គភាពប្រឆាំងអំពើពុករលួយក្នុងយុទ្ធនាការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌។
នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជម្រាបជូនលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំងអង្គប្រជុំ អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការចំនួន ២ ដែលក្រសួងយុត្តិធម៌បានដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង២នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទៅតាមបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការអនុវត្តយុទ្ធនាការទាំង២ ក៏ដូចជា ចាត់វិធានការលើសំណុំរឿងទាំង ៣ប្រភេទ ដោយភាពម៉ឺងម៉ាត់ ដោយប្រកាន់ខ្ជាប់តាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួមដោយស្មោះត្រង់ និង (ទី៤)-ត្រូវមានការលះបង់, និងអភិក្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចៀសវាងដាច់ខាតនូវស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយកយុទ្ធនាការ ដើម្បីស្វះស្វែងរកផលប្រយោជន៍ដោយខុសច្បាប់។
ដើម្បីអនុវត្តដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការកែទម្រង់នេះ, លោកឧបនាយករដ្ឋមន្ត្រីស្នើសុំការគាំទ្រ និងកិច្ចសហការ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ទាំងនៅក្នុងការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា ការអនុវត្តវិធានការដាច់ខាត សម្រាប់សំណុំរឿងទាំង ៣ប្រភេទខាងលើ។
ជាការឆ្លើយតប លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ព្រមទាំងបានបង្ហាញនូវគោលជំហរផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកជំរុញឲ្យការកែទម្រង់នេះបានទទួលជោគជ័យ ពីព្រោះថា ជោគជ័យនេះ មិនមែនសម្រាប់តែក្រសួងយុត្តិធម៌នោះទេ តែជាជោគជ័យរបស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិកម្ពុជាទាំងមូល។
នៅទីចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវអំណរគុណចំពោះលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដែលគាំទ្រដល់យុទ្ធនាការដាក់ចេញដោយក្រសួងយុត្តិធម៌។ ការគាំទ្ររបស់លោកកិត្តិនីតិកោសលបណ្ឌិត និងអង្គភាពប្រឆាំងអំពើពុករលួយ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់គណៈបញ្ជាការ ឲ្យអនុវត្តយុទ្ធនាការកាន់តែស្វាហាប់ ដើម្បីជំរុញឲ្យការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានទទួលលទ្ធផល ក្នុងការលើកកម្ពស់គុណភាពសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ស្របតាមបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា បំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕
ដោយ៖ តារា