ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍ចំនួន០៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវីដេអូរបស់ស្ត្រីម្នាក់ទាក់ទងនឹងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់និងអ្នកពាក់ព័ន្ធឱ្យចូលខ្លួនមកបំភ្លឺជុំវិញបញ្ហាការបង្ហោះវីដេអូនោះ។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បើកបររថយន្ត(អូឌី) ពណ៌ស តាមមហាវិថីម៉ៅសេទុងក្នុងគោលបំណងមកម្តុំបឹងសាឡាង។ លុះបើកមកដល់ស្តុបចេនឡា ផ្សារដើមគ ខណ្ឌទួលគោកក៏បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (លោតសញ្ញាពណ៌លឿងហើយ រថយន្តនោះមិនទាន់ជាន់នៅលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់) ហើយគាត់បន្តដំណើរទៅមុខទៀត ទើបសមត្ថកិច្ចនៅគោលដៅនោះធ្វើការឃាត់រថយន្តក្នុងគោលបំណងដើម្បីសួរនាំ ប៉ុន្តែម្ចាស់រថយន្តមិនព្រមឈប់ទៅតាមមន្ត្រីចរាចរណ៍បញ្ជាប្រាប់នោះទេ គឺម្ចាស់រថយន្តព្យាយាមបើកគេចពីកន្លែងសមត្ថកិច្ចអនុវត្តច្បាប់ ទើបធ្វើឱ្យសមត្ថកិច្ចម្នាក់គេចពីរថយន្តហើយប៉ះទៅនិងវិទ្យុទាក់ទង(ID) កាន់នៅដៃរបស់មន្រ្តីម្នាក់បណ្តាលឱ្យឆ្កូតថ្នាំរថយន្តដោយអចេតនា។

ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវព្រោះរឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រួសប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។ ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ដែលឃាត់រថយន្តបណ្តាលឱ្យប៉ះពាល់រថយន្តប្រជាពលរដ្ឋ បច្ចុប្បន្នកំពុងសុំគោលការណ៍របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

ដោយ ៖ សិលា


ចែករំលែក៖