ភ្នំពេញ ៖ បើទោះជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។
រឿងនេះអាចមន្ត្រីនគរបាលយុត្តិធម៌ បន្តនីតិវិធីទៀត ចំពោះរឿងការរៀបចំលិខិតស្នាមផ្សេងៗ ព័ត៌មានផ្សេងៗ សំអាងនានា ដើម្បីឈានទៅឱ្យឃុំ-សង្កាត់ គាត់បញ្ជាក់ភាព នៅលីវ ហើយមួយទៀតឃុំ-សង្កាត់ គាត់ចេញច្បាប់ការឱ្យនោះ ។ នេះជាការបញ្ជាក់ពី លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ។
លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមប្រព័ន្ធ Telegram នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ថា ៖ ខ្ញុំចង់បញ្ជាក់ជូនថា ករណីនេះបើសិនជាអាចសួរទៅអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ដោយសារតែសំណុំរឿង ហើយនីតិវិធីផ្សេងៗកំពុងតែស្ថិតនៅក្នុងដៃតុលាការច្រើនជាង ។
លោកបណ្ឌិតបន្តថា ៖ ប៉ុន្តែ លោកចង់បញ្ជាក់ជូនថា ក្នុងនាមក្រសួងមហាផ្ទៃ ស្ថាប័នមួយ ជាអាណាព្យាបាលលើ សមត្ថកិច្ចនគរបាល តាមពិតក្នុងសំណុំរឿងនេះ ចំពោះលោកស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ..! ខ្ញុំអាចឆ្លើយបានខ្លះៗ !
ទី១-ដំណាក់កាលនេះតុលាការ លោកកំពុងបំពេញនីតិវិធី ក្នុងករណីដែលភរិយាគាត់ ប្តឹងអំពី រឿងទ្វេរពន្ធភាព ឬក៏តាមច្បាប់ ឯកពន្ធភាព ! ចំពោះរឿងការរៀបចំលិខិតស្នាមផ្សេងៗ ព័ត៌មានផ្សេងៗ សំអាងនានា ដើម្បីឈានទៅឱ្យឃុំ-សង្កាត់ គាត់បញ្ជាក់ភាព នៅលីវ ហើយមួយទៀតឃុំ-សង្កាត់ គាត់ចេញច្បាប់ការឱ្យ បញ្ហានេះគឺខាងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកបានបញ្ជាក់មកខ្ញុំថា សមត្ថកិច្ចលោកនឹងពិនិត្យកិច្ចការនេះ ជាជំហានក្រោយ បន្ទាប់ពីបណ្តាញផ្សព្វផ្សាយ ផ្សាយថាគាត់ក្លែងឯកសារហូរហែរហ្នឹង គឺសមត្ថកិច្ចនគរបាលបានបន្តស្រាវជ្រាវ ធ្វើកោសល្យវិច័យ ទៅលើឯកសារទាំងអស់ហ្នឹងសិន ! ហើយខ្ញុំមិនដឹងថា ខាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំធ្វើការស៊ើបអង្កេតស្រាវជ្រាវ នឹងធ្វើកោសល្យវិច័យ ទៅលើឯកសារ ទាំងអស់ហ្នឹង រកឱ្យឃើញថា ពិតជាក្លែងក្លាយ ឬមិនក្លែងក្លាយទេជាដើម ឬជាយ៉ាងណាទេ ដូច្នេះខ្ញុំមិនហ៊ានឆ្លើយជំនួសអយ្យការទេ បានន័យថា ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ដែលកាន់រឿងហ្នឹង អាចសួរទៅកាន់គាត់ទើបដឹងច្បាស់ គ្រាន់តែខ្ញុំទទួលបានការបញ្ជាក់ពីខាងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មកគឺ សមត្ថកិច្ចនៅជំហានបន្ទាប់ មានការស្រាវជ្រាវអំពី លិខិតទាំងអស់នោះ ថាតើជាលិខិតក្លែងដែរឬក៏អត់ ។
លោកបណ្ឌិតបន្តថា ៖ ដំណាក់ការនេះចាត់នីតិវិធី ហើយឈានទៅដល់ការឃុំខ្លួនបណ្តោះអាសន្ន ទៅតាមបណ្តឹងរបស់ភរិយា លើលោកឧត្តមសេនីយ៍ត្រី ប្តឹងចោទទៅនឹងច្បាប់ឯកពន្ធភាព ហើយចំពោះអយ្យការ …, តំណាងអយ្យការ គាត់ស៊ើបទៅលើលិខិតស្នាមផ្សេងៗនេះ គឺជារឿងរបស់គាត់ គាត់បន្តស៊ើប ជារឿងត្រូវរកឱ្យឃើញថា ពិតជាក្លែងមែន ឬក៏មិនក្លែងទេ ។
លោកថា ៖ បើក្លែងនោះចូលជាបទល្មើស ក្លែងឯកសារសាធារណៈ ហើយយកឯកសារសាធារណៈក្លែង នោះជាបទល្មើស ប្រើប្រាស់ជាលក្ខណៈ ឯកសារសាធារណៈក្លែង នោះមាន២បទល្មើស បើសិនជារកឃើញថាក្លែងមែន ហើយប្រើប្រាស់មែន ។
ទី២-ដោយឡែកចំពោះមេឃុំ -ចៅសង្កាត់ ទាំង២ឃុំ បើសិនជាដឹងច្បាស់ថា លោកឧត្តមសេនីយ៍ត្រីហ្នឹង គាត់មានភរិយាហើយ មានចុះសម្រង់អាពារហ៍ ពិពារហ៍ ហើយកំពុងបន្តនីតិវិធី ហើយសម្រង់អាពារហ៍ ពិពារហ៍មិនទាន់តុលាការរំលាយអនុភាពគតិយុត្តទេ នៅតែបញ្ជាក់ថា ភាពជាពោះម៉ាយ នៅតែបំពេញនីតិវិធី ឈានទៅដល់ការចេញច្បាប់អោយគេរៀបការ គាត់ក៏ជាប់ពាក់ព័ន្ធនឹងបទល្មើសដែល លោកព្រះរាជអាជ្ញាចោទប្រកាន់លោកឧត្តមសេនីយ៍ត្រីដែរ គេហៅថា ការសមគំនិត ឬជាសហចារីចូលរួម នឹងក៏ជាប់ក្នុងបទល្មើសហ្នឹងដែរ ប៉ុន្តែខ្ញុំមិនចោទប្រកាន់លោកមេឃុំទេ ដើម្បីឱ្យដឹងច្បាស់ វាទាល់តែស្រាវជ្រាវរកឱ្យឃើញសិន ថាតើលោកមេឃុំដឹង ឬមិនដឹង ព្រោះរឿងហ្នឹងវាកើតចេញពីលោកឧត្តមសេនីយ៍ត្រី ទាំងស្រុងគាត់រៀបចំឯកសារ ម៉ាស្អាតបាតទាំងអស់យកទៅសំអាង ចំពោះមុខមេឃុំ ហើយបើលោកមេឃុំគាត់មើលទៅឯកសារនោះ យល់ថាឯកសារត្រឹមត្រូវ ពិតប្រាកដ គាត់មើលឃើញចឹង ! ពេលខ្លះយើងមិនមែនជំនាញ ក៏មើលមិនដឹងក្លែង ឬមិនក្លែងទេ ដូច្នេះគាត់អត់ហ៊ានប្រកែក ជំទាស់ជាមួយគេបាន ខ្លាចគេរិះគន់ បែបនេះ បែបនោះ ខ្លាចគេប្តឹងផ្តល់មកវិញ ហើយគាត់មិនដឹងថា លោកឧត្តមសេនីយ៍ត្រី មានប្រពន្ធហើយ ចុះសម្រង់អាពារហ៍ ពិពារហ៍ហើយ សម្រង់នីតិវិធីតែមិនទាន់លែងលះដាច់ទេ គឺមិនពាក់ព័ន្ធគាត់ទេ ខណៈតុលាការកំពុងឃុំ លោកឧត្តមសេនីយ៍ត្រី នោះ ។
ជុំវិញបញ្ហានេះ លោក ហែន កន ចៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយ អង្គភាព មជ្ឈមមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ លោកមិនធ្វើការបកស្រាយ គ្រាន់តែនិយាយថា ជាប់រវល់ណាស់ៗ រួចក៏បិទទូរស័ព្ទ។ ដោយឡែកលោក គុច ប៊ុណ្ណារិទ្ធ ស្មៀនសង្កាត់ បឹងសាឡាង បានបញ្ជាក់ថា ៖ លិខិតបញ្ជាក់ពោះម៉ាយនោះ ជាលិខិតពិតប្រាកដ ចេញដោយ លោក ហែន កន ចៅសង្កាត់ បឹងសាឡាង ពិតមែន ។
ចំពោះអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មិនអាចសុំការបំភ្លឺបាន ដោយគ្មានលេខទូរស័ព្ទ ។
បើ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ ជាមួយនឹងសំណួរថា៖ ជម្រាបសួរលោកព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការ ខ្ញុំពី អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» សូមការអនុញ្ញាតជម្រាបសួរពីលោកថា ៖ ពាក់ព័ន្ធ លោក ឃុត វឌ្ឍនាស្នងការរងខេត្តកំពង់ស្ពឺ ត្រូវបានចៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចេញលិខិតបញ្ជាក់ពោះម៉ាយ ដើម្បីទៅរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់លែងលះគ្នា ។ មន្ត្រីនគរបាលយុត្តិធម៌ ឃាត់ខ្លួនលោកស្នងការរង តាមពាក្យបណ្តឹងរបស់ភរិយា និងបញ្ជូនទៅកាន់អយ្យការ ។ ក្រោយមកតំណាងចេញដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ ,ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ «ទ្វេរពន្ធភាព» ដូច្នេះករណីនេះ តើចៅសង្កាត់ដែលចេញលិខិតបញ្ជាក់ថា «ពោះម៉ាយ» ហើយលោកស្នងការរង យកទៅប្រើប្រាស់ ចំណុចនេះតើលោកចៅសង្កាត់ និងលោកស្នងការរង គាត់ត្រូវមានពិរុទ្ធភាព ក្រៅពីបទចោទ «ទ្វេរពន្ធភាព» បន្ថែមទៀត ឬមួយយ៉ាងណា ? សូមអរគុណ សូមជម្រាបលា។
លោកបានបើកមើលតាមប្រព័ន្ធ Telegram តែមិនបានឆ្លើយតប អាចមិនមែន ម៉ោងរដ្ឋបាល ថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាក ក៏មិនដឹង ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៏មិនឆ្លើយតប ចំពោះករណីខាងលើនេះ ។
អ្នកច្បាប់ខ្លះបានលើកឡើងថា ៖ បើលោកចៅសង្កាត់គាត់មិនបានដឹងថា ការស្នើសុំនេះ ….សុំឱ្យផ្តល់ឯកសារដោយទុច្ចរិត តាមរយៈរៀបចំឯកសារមកដែលធ្វើយ៉ាងត្រឹមត្រូវ ហើយស្រាវជ្រាវ រកឃើញថាគាត់គ្មានចេតនា គឺគាត់ក៏មិនមានបទល្មើសដែរ។ ប៉ុន្តែបើគាត់ដឹងថា ជារឿងមិនស្របច្បាប់ ហើយសមគំនិត គាត់មានពាក់ព័ន្ធកំហុស បើយោងតាមក្រម ព្រហ្មទណ្ឌ មាត្រា ៦៣១ ៖ ផ្តល់ឯកសារដោយទុច្ចរិត អំពើផ្តល់ដល់អ្នកដទៃដោយទុច្ចវិត នូវឯកសារដែលចេញដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រម ផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល។
ចំពោះលោកស្នងការរង ប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់ដែរ តាមរយៈមាត្រា ៦៣២ – បទសុំឱ្យផ្តល់ឯកសារដោយទុច្ចរិត អំពើដែលសុំដោយទុច្ចរិតឱ្យរាជការសាធារណៈចេញ នូវឯកសារសម្រាប់ធ្វើការ កត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (មួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ។
សូមបញ្ជាក់ថា ៖ រឿងនេះមិនត្រឹម លោក ឃុត វឌ្ឍនាស្នងការរងខេត្តកំពង់ស្ពឺ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ ឃាត់ខ្លួនលោកស្នងការរង តាមពាក្យបណ្តឹងរបស់ភរិយា និងបញ្ជូនទៅកាន់អយ្យការ ។ ក្រោយមកតំណាងចេញដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ ,ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា បណ្តោះអាសន្នហើយចប់នោះឡើយ ។ ដោយខាងមន្ត្រីនគរបាលយុត្តិធម៌បន្តស្រាវជ្រាវ ។ នេះជាការលើកឡើង ដោយលោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ដែលលោកបណ្ឌិតសួរទៅលោកស្នងការនគរបាលខេត្តកំពង់ស្ពឺនោះ ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»