ក្លិប Brighton & Hove Albion បានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិអាហ្សង់ទីន U-23 កីឡាករ Valentin Barco ពីក្លិប Boca Juniors ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។ នេះបើយោងតាមក្លិបនៅភាគខាងត្បូងអង់គ្លេសបានប្រកាសកាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានចាប់ផ្តើមនៅក្នុងការប្រកួតលីកកំពូលអាហ្សង់ទីនPrimera Division ចំនួន១៨លើកសម្រាប់ Boca កាលពីឆ្នាំមុន ហើយបានបង្ហាញខ្លួនចំនួន៩ដងក្នុងយុទ្ធនាការ Copa Libertadores របស់ពួកគេ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។
លោក David Weir នាយកបច្ចេកទេសរបស់ក្លិប Brighton បាននិយាយថា “គាត់បានលេងភាគច្រើននៅផ្នែកខាងឆ្វេង ក្នុងនាមជាខ្សែការពារស្លាប និងស្លាប ប៉ុន្តែក៏បានបង្ហាញពីភាពប៉ិនប្រសប់របស់គាត់ជាមួយនឹង Boca ដែលលេងនៅខ្សែបម្រើ” ។
Barco បច្ចុប្បន្នកំពុងតំណាងឲ្យក្រុមអាហ្សង់ទីនក្នុងការប្រកួតជម្រុះអូឡាំពិកអាមេរិកខាងត្បូងក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលនឹងបញ្ចប់នៅថ្ងៃទី១១ ខែកុម្ភៈខាងមុខ។
បច្ចុប្បន្ន Brighton ឈរនៅលេខរៀងទី៨ ក្នុងក្របខណ្ឌ Premier League ដោយមាន៣១ពិន្ទុពីការប្រកួតចំនួន២០ ហើយនឹងទទួលក្រុមភ្ញៀវ Wolverhampton Wanderers នៅរាត្រីថ្ងៃចន្ទនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)