ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យសារព័ត៌មាន ក៏ត្រូវចូលរួមនៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើនីតិរដ្ឋផងដែរ តាមរយៈការផ្តល់នូវព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានជំរុញឱ្យមន្រ្ដីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពន្រឿនការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលទទួលបានតាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មានដែលត្រឹមត្រូវយកមកធ្វើការដោះស្រាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា អ្នកសារព័ត៌មានមួយចំនួនមានចំណេះ ដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារឲ្យពួកគេបន្តធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ខណៈ អ្នកសារព័ត៌មានខ្លះបានដើរហួសវិជ្ជាជីវៈរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម៕
ដោយ ៖ សិលា