ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ 

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។  ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរស់រវើកបន្ថែមទៀត​ ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការ​លេីវិស័យឌីជីថល​រវាង​ក្រសួង​នគរបាលវៀតណាម​ និង​ក្រសួង​មហាផ្ទៃកម្ពុជា​ តាម​រយៈ​ការ​ ចែករំលែក​ព័ត៌មាន​  និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លេីវិ័ស័យឌីជីថលនេះ​ ដោយសារ​វៀតណាម​ក៏បាន និងកំពុង​មាន​កិច្ចសហប្រតិបត្តិការ​លេីវិស័យឌីជីថលនេះ​ ជាមួយ​នឹង​សិង្ហបុរី​ និង​ម៉ាឡេស៊ីផងដែរ។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និង លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាមនៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណ:៕

ដោយ​៖ សិលា


ចែករំលែក៖