ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំ ថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ខែ មករា ឆ្នាំ២០២៤លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធន ធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្ប ទានពីធនាគារកូរ៉េ Eximbank នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការសរុបចំនួន ១៨៧កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។

បើតាមរបាយការណ៍ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់ បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យមកដល់ពេលនេះសម្រេចបាន២០% លើផែនការ១៥%។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់តាមទីតាំងសំខាន់ៗរបស់គម្រោងដែលរួមមាន ប្រឡាយលេខ២អាងទឹកពង្រ,អាងទឹកអូរខៃដន អាងទឹកវាំងហែង និងប្រឡាយលេខ១-១ និងប្រឡាយលេខ១-២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ 

លោករដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ  និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹកក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីបានថ្លែងការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនការងារគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឱ្យគម្រោងនេះអនុវត្តទៅបានតាមផែន ការដែលបានគ្រោងទុក។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានណែនាំបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់បានយូរអង្វែង។

គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោម ហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងធនធានទឹក និង ឧតុនិយម បាននិងកំពុងអនុវត្តគម្រោងចំនួនបីគឺ៖ ទី១) គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្ត បាត់ដំបងកំពុងដំណើរការសាងសង់ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ទី២)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦ និង ទី៣)គម្រោងកាត់បន្ថយទឹកជំនន់ និង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេលខេត្តបាត់ដំបង៕

ដោយ៖ សូរិយា


ចែករំលែក៖