ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋបណ្តាស្រុកក្រុងមកទទួលសេវាពិនិត្យ ព្យាបាលជំងឺនិងវះកាត់ដោយ ឥតគិតថ្លៃពីក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិកនិងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តផ្តល់ជូន

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក សហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារបានផ្តល់សេវាពិនិត្យព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលមកពីបណ្ដាស្រុកក្រុងទូទាំងខេត្ត។

ការពិនិត្យ ព្យាបាលជំងឺនិងវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះរៀបចំឡើងនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តចាប់ផ្ដើមពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ការពិនិត្យ នោះមានព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារនិងទារក, ព្យាបាលរោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសសុដន់ (ដុំដោះ) វះកាត់មាត់ឆែប ឆែបក្រអូមមាត់ ម្រាមដៃលើស និងពិការភាពផ្សេងៗ, វះកាត់ជំងឺភ្នែក វាស់និងផ្ដល់វ៉ែនតា, វះកាត់ដុំពកលើខ្លួនប្រាណ និងដុំគីសផ្សេងៗ, វះកាត់ក្លនលូន, វះកាត់ក្រួសក្នុងថង់ទឹកប្រមាត់និងពកក, ព្យាបាលរលាកខ្លួនប្រាណ ដៃជើង មុខមាត់និងពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ។

នាឱកាសនោះក៏វត្តមានលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមុនពេលបើកការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

ក្នុងនោះប្រជាពលរដ្ឋអាចទៅទទួលយកសេវាពិនិត្យ ព្យាបាលជំងឺទូទៅនៅទីតាំងចំនួន០២ផ្សេងទៀត គឺ៖

ទី១-នៅមណ្ឌលសុខភាពម្លូព្រៃ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤។

ទី២-នៅសាលាបឋមសិក្សាយាង ស្ថិតនៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖