ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រាបជូនបែបនេះក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ចំនួន២៣០នាក់ ស្រី១៤០នាក់នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វា។
ថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានអរគុណនិងកោតសរសើរដល់គណៈគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វាក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុវត្ថិភាពសហគមន៍និងគ្រឹះស្ថានសិក្សា។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋយើង ។ ឆ្លើយតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡាផ្សព្វផ្សាយការយល់ដឹងទូទៅនៃគ្រឿងញៀនដល់សិស្ស គរុសិស្ស និងនិស្សិតទាំងក្នុងនិងក្រៅប្រព័ន្ធតាមរយៈការដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ប្រលងបញ្ចប់ការសិក្សា ការប្រលងប្រជែងគំនូរ កំណាព្យស្តីពីបញ្ហាគ្រឿងញៀននៅគ្រប់គ្រឹះសា្ថនសិក្សាសាធារណៈ និងឯកជននានា។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា យុវជន យុវតី នៅក្នុងវ័យ១៣ឆ្នាំ ដល់១៨ឆ្នាំនេះ គឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ឆាប់ទទួលយកអ្វីៗដែលថ្មី ហើយយុវជនយុវតីម្នាក់អាចក្លាយជាអាជ្ញាធរសំខាន់ម្នាក់ប្រចាំគ្រួសារបើគាត់បានទទួលចំណេះដឹងច្បាស់ឬព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ពួកគាត់ ហើយពួកគាត់អាចផ្សព្វផ្សាយឬពិគ្រោះពីបញ្ហាគ្រឿងញៀនជាមួយក្រុមគ្រួសារគាត់បានគ្រប់ពេលវេលានិងមានប្រសិទ្ធភាព។
តាមរយ: វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា សិស្សទាំងអស់ពិតជាក្លាហានខិតខំចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់៕
ដោយ៖ តារា