ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញ សេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវខេត្តលេខ៣១២ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានទទួល ប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងលេខ 4119-CAM (COL) ដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ក្នុងតំបន់ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារនៅព្រំដែន វៀតណាម និងការធ្វើដំណើររបស់ប្រជាជនទៅកាន់មន្ទីពេទ្យ និងសិស្សានុសិស្សទៅសាលារៀន ឱ្យកាន់តែ ងាយស្រួលថែមមួយកម្រិតទៀត។

បច្ចុប្បន្នក្រុមហ៊ុនម៉ៅការ កំពុងចាប់ផ្ដើមការងារស្ថាបនាផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ចាប់ពីគីឡូម៉ែត្រ ២៧+៨៥០ ដល់ ២៨+៣៧២ ។ ដោយនៅត្រង់ចំណុចច្រកទ្វារឆ្លងកាត់ព្រំ ដែនអន្តរជាតិបន្ទាយចក្រី នៃផ្លូវខេត្តលេខ៣១២ ចាប់ពីគីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ នឹងត្រូវ សាងសង់ក្រាលបេតុងសរសៃដែកនៅគន្លងផ្លូវម្ខាងម្ដង និងទុកគន្លងផ្លូវម្ខាងដែលមានប្រវែង ៤ ម៉ែត្រ សម្រាប់ធ្វើចរាចរណ៍ ដែលអាចធ្វើដំណើរបានត្រឹមតែទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តធុនតូច និងរថយន្តដឹកទំនិញក្រោមទម្ងន់១៦តោនតែប៉ុណ្ណោះ។

ក្នុងន័យនេះដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះទទួលបានជោគជ័យ និងបញ្ចប់ទៅទាន់ពេលវេលា ដែលបានគ្រោងទុក ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំផ្អាកការធ្វើចរាចរណ៍របស់យានយន្តធុនធំ គ្រប់ប្រភេទដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ ៣១២ ចាប់ពីគីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ចំនួន៣៧ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់ជ្រាប និងចូលរួមសហការ អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងារស្ថាបនាផ្លូវខេត្តលេខ៣១២ នេះ ទទួលបានជោគជ័យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖