ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង០៨ព្រឹកខាងមុខ ! សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង ឧក្រិដ្ឋជនបង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារ និងកាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ កន្លងទៅមានការផ្សព្វផ្សាយព្រោងព្រាត ថាមានអ្នករត់ការដើម្បី ឱ្យមានការដោះលែង ឬបន្ធូបន្ថយទោសទៅលើក្រុមឧក្រិដ្ឋជនជនជាតិចិន ពាក់ព័ន្ធសំណុំរឿង បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ ដល់ ១០លានដុល្លារ និងកាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត ។ ប៉ុន្តែក្នុងដំណាក់កាល សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង៨និង៣០នាទី ព្រឹក ដែលមានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងនោះ លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោក ឃ្លោក ពិសិដ្ឋ ជាចៅក្រមប្រឹក្សា , លោក សាន ប៊ុនធឿន ជាចៅក្រមប្រឹក្សា ។ តំណាងអយ្យការ មាន លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានក្រឡាបញ្ជីសវនាការ លោក ផល សុភ័ក្រ្ត ក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ គឺផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ មិនឱ្យពួកឧក្រិដ្ឋជនទាំងរួចផុតពីសំណាញ់ច្បាប់ឡើយ គឺ សម្រេច ៖

-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ TIAN HENGWEI ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិន ឈ្មោះ MIAO QIANLONG ហៅ MICHAEL ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិចិន ឈ្មោះ ZHU XINYU ហៅ ATY ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិចិន ឈ្មោះ XU PANPAN ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិន ឈ្មោះ HUANG TINGYUN ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២២ (ម្ភៃពីរ) ឆ្នាំ ពីបទ បង្ខាំងមនុស្សដោយខុស ច្បាប់ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហួត៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣ ជាបទល្មើសព្រហ្មទណ្ឌ និង ផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ZHANG YUNLEI (ZHAO YUNLEI) ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិចិន ឈ្មោះ ZHANG YUNCHANG ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិចិន ឈ្មោះ WANG XIAO WEI ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១៨ (ដប់ប្រាំបី) ឆ្នាំ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បី ជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ១៦៣ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហួត៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាម បញ្ញត្តិមាត្រា២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

-ផ្តន្ទាទោស នូវទោសបន្ថែមលើជនជាប់ចោទទាំង ៨ (ប្រាំបី) នាក់ ខាងលើនេះ ដោយហាមឃាត់ចំពោះការចូល ឬការ ស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ស្របតាមបញ្ញត្តិមាត្រា ២៥៥ ចំណុច៤ នៃក្រមព្រហ្មទណ្ឌ។

-បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ HUANG TINGYUN ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិចិន ដើម្បីយកមកអនុវត្ត ទោស តាមអំណាចនៃសាលក្រមនេះ ស្របតាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ឥឡូវនេះ ! បន្ទាប់ពីជនជាប់ចោទប្តឹងឧទ្ទរណ៍ ទើបនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ០៨ព្រឹកខាងមុខ ! សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ និងអាវុធដោយគ្មានការអនុញ្ញាត នេះ ក៏ចាប់ផ្តើមលេចចេញថា មានរត់ការ ដើម្បីឱ្យមានការបន្ធូបន្ថយទោស ប៉ុន្តែជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះ មានជំនឿលើប្រព័ន្ធតុលាការ និងគាំទ្រចំពោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងនោះដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ០៨ព្រឹកខាងមុខ ! សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ និងអាវុធដោយគ្មានការអនុញ្ញាត ក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះ មាន លោក គី ឬទ្ធី ប្រធានក្រុមប្រឹក្សា , លោក សុិន វិសាល ចៅក្រមប្រឹក្សា , លោក សួស សំអាត ចៅក្រមប្រឹក្សា , តំណាងមហាអយ្យការ លោក អុឹម សុផាន ជា អគ្គព្រះរាជអាជ្ញារង , ក្រឡាបញ្ជីសវនាការ លោក លីវ ដារ៉ា ។ ពិតណាស់ថា ៖ តុលាការបានធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្តច្រើន បន្ទាប់មានឧត្តមភាព ប្រកាន់យកគតិយុត្ត តម្លាភាព ដូចអ្វីដែល លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បាននឹងកំពុងពង្រឹងវិស័យប្រព័ន្ធយុត្តិធម៌ ។ 

គួរជម្រាបថា ៖ ក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

ឧក្រិដ្ឋជនជនជាតិចិន ទាំងនោះត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កន្លងទៅទាក់ទិនករណីនេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មានថា ៖ ករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះរហូតដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ។

ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ 

សូមរម្លឹកថា ៖ ទោះមានអ្នករត់ការយ៉ាងណាក៏ដោយ រឿងបទឧក្រិដ្ឋនេះ តុលាការ មានជំហរច្បាស់លាស់ណាស់ យកយុត្តិធម៌ ជាធំ ៕

ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»


ចែករំលែក៖