ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» អោយដឹងថា ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។
លោកបន្តថា ៖ ខ្ញូំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតគោរពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។
សូមគោរពជូនជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។
ដោយឡែក រដ្ឋបាលខេត្តក្រចេះចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ ថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញ សង្គម ករណ៏ស្តីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអី ដែលមានអក្សរពីខាងក្រោយ “អ.ហ និងខោប៉ារ៉ាពណ៌គគីរ ជិះរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន ជ្រាបថា ហេតុការណ៍ខាងលើបានកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែល្ពៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ជាលទ្ធផលបុគ្គលបាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុក ចិត្របុរី។ បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និងកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់។
រដ្ឋបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងសូមទទួលរាល់ព័ត៌មាន និងមតិស្ថាបនាពីសាធារណជន និងបណ្តាញផ្សព្វផ្សាយសង្គម។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា