ខេត្តសៀមរាប ៖ យុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញគឺជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ, ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ, និងមានភាពប្រកួតប្រជែងខ្ពស់ ។
សូមបញ្ជាក់ថា ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពីការជំរុញផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ក្នុងគោលបំណងពង្រីកការឈ្វេងយល់អំពីការចូលរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី។
មានមតិក្នុងវេទិកាពិភាក្សា លោកបានគូសរំលេចអំពីការបោះជំហានថ្មីក្នុងការរៀបចំគោលនយោបាយជាតិដែលមានភាពមុតស្រួច និងចំគោលដៅ ដើម្បីរុញច្រានខ្សែច្រវាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទីដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាឱ្យអស់ពីសក្តានុពល។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃយុទ្ធសាស្ត្រផលិត, កែច្នៃ, និងនាំចេញដែលជាបេះដូងនៃការពង្រឹង និងពង្រីកការផ្គត់ផ្គង់ស្វាយចន្ទីឱ្យកាន់តែរីកធំធាត់ប្រកបដោយនវានុវត្តន៍, សមស្របទៅតាមតម្រូវការទីផ្សារ, ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ, និងមានភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះ លោកបានលើកឡើងអំពីការចូលរួមចំណែករបស់តុវិនិយោគកសិ-ចំណីអាហារ “Agri-food Investment Desk” (AFID) ក្នុងការ ៖
(១) លើកទឹកចិត្តវិស័យឯកជនឱ្យវិនិយោគកែច្នៃផលិតផលស្វាយចន្ទី ។
(២) ជំរុញឱ្យមានរោងចក្រកែច្នៃផលិតផលស្វាយចន្ទីដើម្បីអភិវឌ្ឍសមត្ថភាពផលិតកម្មស្វាយចន្ទីជាមួយនឹងការផ្ទេរបច្ចេកវិទ្យាឧស្សាហកម្មកែច្នៃដើម្បីអភិវឌ្ឍសមត្ថភាព
ផលិតកម្មស្វាយចន្ទីសម្រាប់ផលិតជាម្ហូបអាហារ និងកែច្នៃកាកសំណល់ស្វាយចន្ទី។
និង (៣) កៀរគរវិនិយោគិនដើម្បីកសាងឃ្លាំងស្តុកនៅទីតាំងយុទ្ធសាស្ត្រសំខាន់សម្រាប់គ្រប់គ្រងការប្រមូលផល និងស្តុកទុកផលិតផលស្វាយចន្ទីយកទៅកែច្នៃ។
ជាកិច្ចបញ្ចប់ លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាការពូនជ្រុំកម្លាំងសរុបជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននឹងអាចប្រែក្លាយខ្លឹមសារដូចមានចែងក្នុងគោលនយោបាយជាតិទៅជាសកម្មភាពដែលមានភាពរស់រវើក, សកម្ម, និងជាក់ស្តែងនិយម សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក, តំបន់, និងពិភពលោក៕
ដោយ ៖ សិលា