ខេត្តមណ្ឌលគិរី ៖ សត្វគោចំនួន០៧ក្បាលងាប់រដូករណែលត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិនសង្ស័យដោយសារពុលថ្នាំបង្កកកៅស៊ូ។
ការប្រទះឃើញនោះគឺនៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងទៅចៅសង្កាត់សុខដុមថា មានករណីគោងាប់នៅចំណុចក្នុងចម្ការកៅស៊ូក្រុមហ៊ុន វីឡាឌីវើលឡុបមិន ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលជាប់ព្រំប្រទល់គ្នា។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យឃើញថា ពិតជាមានគោងាប់ចំនួន០៧ក្បាលប្រាកដមែន។
ដោយយោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ា សាវឿន ត្រូវជាមេការចម្ការកៅស៊ូខាងលើបានឱ្យដឹងថា ក្នុងក្រុមហ៊ុនកម្មករតែងប្រើម្សៅជូរលាយជាមួយទឹកសម្រាប់បង្កកជ័រកៅស៊ូ នៅក្នុងចានឱ្យទៅជាដុំរឹងជារៀងរាល់ថ្ងៃ ហើយទឹកលាយដែលនៅសល់ កម្មករបានទុកចោលនៅគល់កៅស៊ូ ទុកដាក់ថ្ងៃស្អែកទៀត ប្រហែលជាគោទាំងនោះមកផឹកទើបបណ្ដាលឱ្យងាប់ព្រោះទឹកលាយនោះមានសារធាតុអាស៊ីត។
បើតាមការអះអាងរបស់មេការដដែលបានបញ្ជាក់ទៀតថា កន្លងមកខ្លួនក៏បានធ្លាប់ជូនដំណឹងនេះទៅអាជ្ញាធរដើម្បីប្រាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ដែរដែលរស់នៅទីនោះកុំឱ្យលែងសត្វគោក្របីចូលទៅក្នុងចម្ការក្រុមហ៊ុនខ្លាចសត្វផឹកទឹកដែលនៅសេសសល់ដែលបណ្ដាលឱ្យពុលងាប់ ៕
ដោយ ៖ ជីវ័ន្ត