សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសូមអភ័យទោសចំពោះការលាក់បាំង ការធ្វើរោគវិនិច្ឆយជំងឺមហារីកក្រពេញប្រូស្តាតរបស់លោក និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានប្រាប់លោកប្រធានាធិបតី ចូ បៃដិន និងរដ្ឋាភិបាលអាមេរិកឱ្យដឹងមុន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគួរណាស់តែប្រាប់លោកប្រធានាធិបតីអំពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់ខ្ញុំ។ ខ្ញុំសូមអភ័យទោសដោយផ្ទាល់ទៅកាន់លោកប្រធានាធិបតី បៃដិន»។ លោកបន្ថែមថា រូបលោកផ្ទាល់មិនបានបញ្ជាឱ្យបុគ្គលិករបស់លោកលាក់បាំងពីជំងឺរបស់លោកនោះទេ ហើយក៏មិនមានបំណងលាលែងពីតំណែងនោះដែរ។
លោក Lloyd Austin បានបាត់មុខពីទីសាធារណៈកាលពីចុងខែធ្នូ ឆ្នាំ២០២៣ និងដើមខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលការវះកាត់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត កាលពីថ្ងៃទី២២ ខែធ្នូ។ ប៉ុន្តែសេតវិមានមិនបានដឹងឬត្រូវបានជូនដំណឹងពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក Austin ឡើយ រហូតដល់ថ្ងៃទី៤ ខែមករា ហើយរហូតដល់ថ្ងៃទី៩ ខែមករា ទើបលោកបៃដិនបានដឹងពីរឿងនេះ៕ ដោយ៖ ធីរីណា
រូបថត៖ AFP