ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្រ្តី Najib Razak ទទួលបានការសម្រាលទោសពាក់កណ្តាល

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានផ្សាយថា ក្រុមប្រឹក្សាលើកលែងទោសនៃប្រទេសម៉ាឡេស៉ីនាថ្ងៃសុក្រនេះបានប្រកាសពីសេចក្តីសម្រេចកាត់បន្ថយពាក់កណ្តាលនូវរយៈពេលជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តី លោក Najib Razak ដែលមានទោសពីបទប្រព្រឹត្តអំពើពុករលួយនិងលាងលុយកខ្វក់ ពាក់ព័ន្ធរឿងអាស្រូវមូលនិធិរដ្ឋ 1MDB។
ក្រុមប្រឹក្សាខាងលើដែលមានព្រះមហាក្សត្រម៉ាឡេស៉ីគង់ជាប្រធាន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Najib ដែលឥឡូវមានវ័យ៧០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ នឹងត្រូវដោះលែងឱ្យមានសេរីភាពនៅខែសីហា ឆ្នាំ២០២៨ ហើយប្រាក់ពិន័យលើរូបលោកត្រូវបានកាត់បន្ថយមកនៅត្រឹម៥០លានរីងហ្គីត (១០.៥៩លានដុល្លារ) ខណៈកាលពីមុនគឺ២១០លានរីងហ្គីត។ យ៉ាងណាមិញ មិនមានការបញ្ជាក់មូលហេតុនៅពីក្រោយការសម្រេចចិត្តបន្ធូរបន្ថយទោសនេះឡើយ។
លោក Najib ត្រូវបានតុលាការរកឃើញមានទោសពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធទៅនឹងមូលនិធិរដ្ឋ 1Malaysia Development Berhad ហៅកាត់ 1MDB។ យោងតាមក្រុមអ្នកស៉ើបអង្កេតអាមេរិកនិងម៉ាឡេស៉ី លុយប្រមាណ៤.៥ពាន់លានដុល្លារ គឺបានបាត់ចេញពីមូលនិធិនោះ ហើយជាង១ពាន់លានដុល្លារ ត្រូវបានផ្ទេរចូលទៅកាន់គណនី ដែលមានទំនាក់ទំនងជាមួយលោក Najib។ លោក Najib Razak បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រម៉ាឡេស៉ី កាលពីខែសីហា ឆ្នាំ២០២២ គឺភ្លាមៗក្រោយតុលាការកំពូលម៉ាឡេស៉ី សម្រេចតម្កល់សាលក្រមកាត់ទោសរូបលោកឱ្យនៅដដែល ជាហេតុនាំឱ្យលោក Najib មានឈ្មោះជានាយករដ្ឋមន្រ្តីម៉ាឡេស៉ីដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលត្រូវជាប់ពន្ធនាគារ។ លោក Najib ក៏នៅជាប់ពាក់ព័ន្ធការចោទប្រកាន់មួយចំនួនទៀត ទាក់ទងនឹង 1MDB ផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖