ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ ទៅលើបុរស២នាក់ជាផ្លូវការពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនត្រូវចោទ២នាក់ ក្រោយសមត្ថកិច្ចត្រួតពិនិត្យឃើញមានគ្រឿងញៀនក្នុងរថយន្តជាង៥គីឡូក្រាម ដោយចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា៤៨ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះដែរបានធ្វើឡើងនៅវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ រជធានីភ្នំពេញ ។ 

​ជនត្រូវចោទទាំង០២នាក់ ៖

១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

២-ឈ្មោះ ផា វុធថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល  ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ។ 

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបាននិងកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល នៅចំណុចផ្លូវជាតិលេខ០១ ជាធម្មតា ។ ភ្លាមៗ នោះបានសមត្ថកិច្ចបានឃើញបុរស០២នាក់ បើករថយន្តម៉ាកឡិចសុីស ៣៣០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 2BH-9687ក្នុងល្បឿនយ៉ាងលឿន ខណៈនោះដែរដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យ សមត្ថកិច្ចបានស្ទាក់ចាប់រថយន្តខាងលើដើម្បីធ្វើការត្រួតពិនិត្យ ។ 

ជាក់ស្តែងក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានដកហូត ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ ភ្នំពេញ 2BH-9687 ។ 

បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅដំណាក់កាលតំណាងចៅក្រមស៊ើបសួរបន្តនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖