ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺ​ករណីហិង្សាក្នុងការឃាត់រថយន្តសង្ស័យម៉ាក់HiLux SURF ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចលើស្ពានព្រះរាជដំណាក់

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀល​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណៈជន មេត្តាជ្រាបថា៖ ករណីហិង្សាក្នុងការឃាត់រថយន្តសង្ស័យ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្ត HiLux SURF ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1890 នៅចំណុចលើស្ពាន ព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ 

សូមជម្រាបថា​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៤០នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដោយមានរថយន្តមួយគ្រឿង បានបុកម៉ូតូ ម៉ាក Honda Scoopy នៅពេលនោះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានសហការណ៍គ្នា ក្នុងការរករថយន្តបង្កហេតុ ក្នុងនោះកម្លាំងនគរបាលម្នាក់ បានឃើញរថយន្ត០១គ្រឿង ម៉ាក HiLux SURF ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1890 មានភិនភាគប្រហាក់ប្រហែលនិងរថយន្តបង្កហេតុ កម្លាំងយើងបានឃាត់ និងសហការណ៍ដើម្បីត្រួតពិនិត្យ តែអ្នក បើកបររថយន្ត ឈ្មោះ អេង សារី ដែលមានកម្រិតជាតិអាល់កុល ០៥៩mg/l និងអ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ ឡែម ថែល ដែលមានកម្រិតជាតិអាល់កុល ០៧៥mgl មិនព្រមសហការ ហើយថែមទាំងបានប្រើហិង្សាមកលើ លោកអនុសេនីយ៍ឯក លួង មករា ជាសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបសម្តេចសង្ឃរាជទេពវង្ស(ឡាប៉េ)។ 

ហើយគាត់ឡើង រថយន្តបន្តដំណើរទៅមុខ ដែលជាហេតុធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំង បន្ទាប់មកកម្លាំងជំនាញបានហៅកម្លាំងបន្ថែម ដើម្បីទប់ស្កាត់ ទោះជាសមត្ថកិច្ចយើងព្យាយាមឃាត់ប៉ុន្មានដងក៏ដោយ ក៏អ្នកបើកបររថយន្តមិនបានបញ្ឈប់យានយន្ត ដែរ ដោយព្យាយាមបើកបរគេចចាប់ពីចំណុច ខាងត្បូងស្តុបសម្តេចសង្ឃរាជទេពវង្ស និងបានបន្តដំណើរជុំវិញក្រុង សៀមរាប ហើយបានបុករថយន្តសមត្ថកិច្ចចំនួន០១គ្រឿង ក្នុងនោះក៏មានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំង អន្តរាគមន៍ពិសេស និងប្រជាពលរដ្ឋជាច្រើននាក់បានដេញតាម រហូតដល់ស្ពានព្រះរាជដំណាក់ទើបឃាត់រថយន្តនេះបាន ដោយសមត្ថកិច្ចបានដាក់ប៉ារ៉ាស់ និងដាក់រថយន្តកាត់ទទឹងផ្លូវ ។

បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តក៏បានចេញពីរថយន្ត ហើយមិនបានសហការណ៍ជាមួយ សមត្ថកិច្ច និងបានប្រតាយប្រតប់គ្នា និងមានការប្រើហិង្សាដោយប្រជាពលរដ្ឋ និងសមត្ថកិច្ចទៅលើអ្នកបើកបរ រថយន្ត និងអ្នករួមដំណើរផងដែរ។

ជាមួយគ្នានេះ​ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុវត្តវិន័យទៅលើមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានប្រើហិង្សាក្នុងហេតុការណ៍ខាងលើនេះដែរ៕

ដោយ​៖ តារា


ចែករំលែក៖