ព័ត៌មានទាន់ហេតុការណ៍៖

ចាបព្រៃវែង សត្វដ៏កម្រនៅលើពិភពលោក កំពុងរស់នៅច្រើនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ចែករំលែក៖

ខេត្តតាកែវ៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវ ត្រូវបានទទួលស្គាល់ជាទីតាំងដែលមានចំនួនសត្វស្លាបប្រភេទនេះរស់នៅច្រើនជាងគេនៅប្រទេសកម្ពុជា និងពិសេសអាចនៅទូទាំងអាស៊ីអាគ្នេយ៍ទៀតផង។

សត្វចាបព្រៃវែង ត្រូវបានគេដឹងថាជាសត្វធ្វើការពងកូននៅអឺរ៉ុប និងទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែបំលាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិនភាគខាងត្បូងនៅរដូវត្រជាក់ និងហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។

បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ «ក្រុមមន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តែងចុះអង្កេតតាមដានចាបព្រៃវែងដើម្បីកិច្ចការពារសត្វព្រៃ និងក៏ដូចជាអភិរក្សសត្វព្រៃកម្រៗនៅតំបន់នេះ»។

គួរបញ្ជាក់ថា ចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង មានកម្ពស់ ១៥សង់ទីម៉ែត្រ។ សត្វប្រភេទនេះ បើជាឈ្មោល ក្នុងរដូវបន្តពូជ មានមុខ និងបំពង់ ក ពណ៌ខ្មៅ ផ្នែកពោះពណ៌លឿង វ័ណ្ឌទ្រូងត្នោត និងមានឆ្នូតស្លាប ស នៅដើមស្លាប។ ចំណែកសត្វឈ្មោលរដូវមិនបន្តពូជវិញ មានបំពង់ក និងផ្នែកពោះ ពណ៌លឿងទុំ និងមានវ័ណ្ឌទ្រូង ពណ៌ត្នោត មានឆ្នូតស្លាប ស។ ដោយឡែក ញី មានលក្ខណៈស្រដៀងឈ្មោល គឺនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ ផ្នែកពោះពណ៌លឿងខ្ចី និងផ្នែកខ្នងព៌ណត្នោតខ្ចី។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(Naturelife Cambodia) បានឱ្យដឹងនាកន្លងមកថា៖ «ក្នុងឆ្នាំ២០២៣កន្លងមកសត្វចាបព្រៃវែងជាង ៤ ៨០០ក្បាល ត្រូវបានកត់ត្រាឃើញវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលចំនួននេះត្រូវបានគេចាត់ទុកថាជាចំនួនមួយដ៏ច្រើន។

សូមបញ្ជាក់ថាទីជម្រករបស់សត្វចាបព្រៃ គឺច្រើនរស់នៅវាលស្មៅ គម្ពោតព្រៃ(ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម និងជាទូទៅ វាច្រើនរស់នៅក្បែរមាត់ទឹក។ សត្វចាបព្រៃវែង ជាប្រភេទសត្វ ហើរឆ្លងកាត់ និងបន្លាស់ទីកន្លែងស្នាក់នៅ នារដូវមិនបន្តពូជ៕

ដោយ៖ សូរិយា


ចែករំលែក៖