ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅស្រុកសំរោងទង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអន្តរាគមន៍ទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យមួយករណីបានឆាបឆេះផ្ទះ១ខ្នង បង្កឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ កាលវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

បើយោងតាមការឱ្យដឹងពីអាជ្ញាធរឃុំរលាំងចកប្រាប់ថាថា ផ្ទះដែលបានរោងការឆាបឆេះនេះសង់ឡើងអំពីឈើលើ,សសរបេតុង,ប្រក់ក្បឿង,ជញ្ជាំងក្ដារ ទំហំ៦គុណនឹង៨ម៉ែត្រ ដែលមានម្ចាស់ ឈ្មោះ ឈុន វណ្ណា ភេទ ប្រុស អាយុ ៤៣ឆ្នាំនិង ប្រពន្ធ ឈ្មោះ ឌៀប សាម៉េត អាយុ៤២ឆ្នាំ មានកូន៤នាក់(ស្រី២នាក់)។ ករណីនេះ ម្ចាស់ផ្ទះមិនអាចបានយកទ្រព្យសម្បត្តិចេញទាន់ទេ ព្រោះតែស្ថានភាពនៃការឆាបឆេះមានទ្រង់ទ្រាយធំ និងលឿនរហ័ស។

សមត្ថកិច្ចជំនាញនៃក្រុមពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយស្ថានភាពមេឃក្តៅខ្លាំងហួតហែង ហើយផ្ទះស្ថិតនៅទីវាល អំណោយផលដល់ការឆេះ ទោះជាសមត្ថកិច្ចប្រឹងប្រែងបាញ់ពន្លត់ ប៉ុន្តែមិនអាចសង្គ្រោះផ្ទះនោះបានទេ ធ្វើឱ្យផ្ទះត្រូវឆេះរាបដល់ដី សមត្ថកិច្ចគ្រាន់តែអន្តរាគមន៍មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងប៉ុណ្ណោះ។

សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ករណីអគ្គិភ័យនេះ អាចនឹងផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីបង្កការទុស្សេបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះនៅចំណុចគប់ ភ្លើង ដែលស្ថិតនៅក្នុងផ្ទះផ្នែកខាងលើ ហើយភ្លើងឆេះខ្លាំងទើបម្ចាស់ផ្ទះដឹង។

ទន្ទឹមនឹងកើតមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនពេលចាកចេញពីផ្ទះត្រូវបិទកុងតាក់ចរន្តអគ្គិសនី ហ្គាស និងវត្ថុចម្លងផ្សេងៗឱ្យរួចស្រេចសិន ចៀសវាងកើតមានគ្រោះអគ្គិភ័យ៕

ដោយ៖ សូរិយា


ចែករំលែក៖