ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពី លោក មីន កុម្ភៈ អភិបាលរង ខេត្តព្រះសីហនុ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាង អង្គភាព ស្ថាប័ន ដែលពាក់ព័ន្ធ និងនាយប៉ុស្តិ៍ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិទាំងអស់ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤ ។
ក្រោយពីបានស្ដាប់នូវរបាយការណ៍ និងមតិសំណេះសំណាលរបស់ឯកឧត្តមអភិបាលរងរួចមក លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ចូលរួមអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ និងសូមថ្លែងអំណរគុណដល់លោកអភិបាលរងដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
លោកឧត្តមសេនីយ៍ឯក បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខនិងណែនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវបំពេញភារកិច្ច
ឲ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍។ ក្នុងនោះដែរ លោកអគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានឲ្យនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុ គ្រប់គ្រងឲ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន្ត ជាពិសេសការលួចឆ្លងដែន ឧក្រិដ្ឋកម្ម ការជួញដូរ ខុសច្បាប់តាមផ្លូវទឹក។ លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ចូលរួម ផ្សព្វផ្សាយទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។
លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃ គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សុខ វាសនា និងប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមបណ្ដាប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិរួមមាន ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧញ៉ា ម៉ុង ,ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ , ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងទីស្នាក់ការត្រៀមបណ្ដេញចេញប្រចាំនៅខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា : យោងតាមប្រកាស ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ សម្រេច:
ប្រការ ១៖ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ឯក សុខ ចំរើន អត្តលេខ ៧៨១៨៦ ពី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយកដ្ឋានច្រកទ្វារទី១ ទៅជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ប្រការ ២៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គ នាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះ ក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា