ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីជួបប្តឹង ! ទីបំផុត! ក្រុមគ្រួសារអ្នកបើករថយន្ត Jeep បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ ហើយគ្រួសារជនរងគ្រោះបានយល់ព្រមដកពាក្យបណ្តឹង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីល្បីជួបប្តឹង ឥឡូវស្លូតទែនមែន បត់បែនទាន់ពេល វិលរកផ្លូវត្រូវ ស្មើនឹងចូលរួមតាមកំណែទម្រង់របស់ក្រសួងយុត្តិធម៌ ។ 

រឿងល្បីពេញប្រទេស នៅទីបំផុត! សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់បណ្តាលឲ្យស្លាប់ បានឈានដល់ដំណោះស្រាយមួយហើយ គឺភាគីក្រុមគ្រួសាររបស់អ្នកបើករថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន៩៥០០០ដុល្លារ ហើយគ្រួសារជនរងគ្រោះបានយល់ព្រមដកពាក្យបណ្តឹង។   ដំណោះស្រាយនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីលោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។   យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ បានបញ្ជាក់ថា ៖ ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្បវេណី ចំនួន៩៥០០០ដុល្លារ ដោយពុំមានការបង្ខិតបង្ខំ និងមានឆន្ទៈបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។  ជាមួយគ្នានេះ ភាគីទាំង២បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររវាងភាគីទាំង២ និងមិនបង្កជាបញ្ហាវិវាទណាមួយដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត។   សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។   ក្រោយកើតមានករណីនេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហុង ម៉ារីណិច បានចេញដីកាបង្គាប់ឲ្យជនខ្លួនអ្នកបើកបររថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្ហស្លាប់អ្នកដទៃ និងបទរត់គេចខ្លួនប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ»។ 

សូមបញ្ជាក់ថា ៖ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទទួលបន្ទុកក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត។

សូមបញ្ជាក់ថា ៖ ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 

ដោយ៖ សិលា


ចែករំលែក៖