ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ និងឧត្តមមន្ត្រីអាស៊ានអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ ៖ នាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី  Michelle CHAN ឧបការីរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី និងជាឧត្តមមន្ត្រីអាស៊ានអូស្ត្រាលី ក្នុងអំឡុងពេលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-អូស្ត្រាលី លើកទី៣៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ៖ កិច្ចប្រជុំបានពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖