ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មិនមានការសន្យាណាមួយត្រូវអនុវត្តពេញមួយជីវិតនោះទេ ពីព្រោះជំនួយធ្វើបានតែក្នុងស្ថានភាពលំបាក និងគ្រាមានអាសន្នប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការអន្តរាគមរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ មិនមែនជារឿងអចិន្ត្រៃយ៍នោះទេ ពោលគឺការអន្តរាគមជួយភាគច្រើន ធ្វើឡើងដោយផ្អែកលើគ្រាមានអាសន្ន និងការជួបទុក្ខលំបាកតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលើកទិសដៅឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការជួយនោះ ដូចជានៅក្នុងស្ថានភាពកូវីដ-១៩ និងការជួយផ្តល់បណ្ណសមធម៌ក្រីក្រ ព្រមទាំងការជួយដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ ទើបកម្មវិធីជំនួយត្រូវបានបិទបញ្ចប់។ ដូចនេះការជួយនេះមានរយៈពេលកំណត់មួយ នៅពេលដែលពួកគាត់ធូរធារហើយ គឺរដ្ឋត្រូវបង្វែរថវិការនោះទៅជួយអ្នកផ្សេងទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងដៃម្ខាងដែលយើងទប់សភាពការណ៍ ព្រោះប្រទេសនីមួយៗការទប់សភាពការណ៍ជួយប្រជាពលរដ្ឋ គឺជួយលំនឹងសេដ្ឋកិច្ចជាតិនោះ ព្រោះសេដ្ឋកិច្ចជាតិអាស្រ័យទៅលើប្រជាជន។ យើងមិនអាចមានរដ្ឋមួយមានលំនឹង ម៉ាក្រូសេដ្ឋកិច្ច បើជីវភាពរស់នៅរបស់ប្រជាជនគ្មានលំនឹង បើសិនជាការរកទទួលទានរបស់ប្រជាពលរដ្ឋអត់លំនឹងនោះទេ»។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, ប្រជាពលរដ្ឋនីមួយៗ ជាកោសិកានៃសង្គម ការវាស់ស្ទង់សុខភាពសេដ្ឋកិច្ចជាតិ គឺវាស់ស្ទង់ទៅលើសេដ្ឋកិច្ចគ្រួសារនីមួយៗ នៃចំណូលមនុស្សម្នាក់ៗ។ រាជរដ្ឋាភិបាលកម្ពុជា បានជាការដាក់ចេញគោលនយោបាយអន្ដរាគមន៍សង្គមច្រើនណាស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឲ្យធានានូវការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិរបស់យើង ៕

ដោយ ៖ សិលា


ចែករំលែក៖