ព័ត៌មានទាន់ហេតុការណ៍៖

រលកនៃការតវ៉ារបស់កសិករអឺរ៉ុបបានរីករាលដាលដល់ប្រទេសអេស្ប៉ាញ

ចែករំលែក៖

កសិករអេស្ប៉ាញបានបិទផ្លូវហាយវេសំខាន់ៗមួយចំនួនរបស់ប្រទេសកាលពីថ្ងៃអង្គារ (6 កុម្ភៈ) ដើម្បីចូលរួមជាមួយសហសេវិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប (EU) ក្នុងការតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់ ការិយាធិបតេយ្យ នីតិវិធី និងការប្រកួតប្រជែងពីប្រទេសមិនមែនសហភាពអឺរ៉ុប។
លោក Donaciano Dujo អនុប្រធាន ASAJA ដែលជាសមាគមកសិករដ៏ធំបំផុតមួយនៅក្នុងប្រទេសអេស្ប៉ាញបានប្រាប់ទូរទស្សន៍ជាតិ TVE ថា “ជាមួយនឹងភាពខុសប្លែកគ្នា ទូទាំងសហភាពអឺរ៉ុប យើងជួបប្រទះបញ្ហាដូចគ្នា” ។
អាជ្ញាធរចរាចរណ៍បាននិយាយថា ASAJA និងសហជីពផ្សេងទៀតបានអំពាវនាវឱ្យមានការតវ៉ាចាប់តាំងពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកសិករជាច្រើនបានដើរតាមផ្លូវជាមួយត្រាក់ទ័រកាលពីថ្ងៃអង្គារ ដោយបិទចរាចរណ៍ទូទាំងប្រទេសពីទីក្រុង Seville និង Granada នៅភាគខាងត្បូងប្រទេសអេស្ប៉ាញទៅកាន់ Girona ក្បែរព្រំដែនបារាំង។
នៅ Girona ត្រាក់ទ័រអាចត្រូវបានគេឃើញប្រមូលផ្តុំគ្នានៅមុនថ្ងៃនៃការតវ៉ា ដោយកាន់បដាដែលសរសេរថា “បើគ្មានកសិករក៏គ្មានអាហារដែរ”។
ដូចសហសេវិករបស់ពួកគេនៅប្រទេសបារាំង បែលហ្ស៊ិក អុីតាលី និងព័រទុយហ្គាល់ កសិករអេស្ប៉ាញកំពុងត្អូញត្អែរអំពីការកើនឡើងបន្ទុកនៃការិយាធិបតេយ្យអឺរ៉ុប តម្លៃផលិតផលទាប និងការកើនឡើងថ្លៃដើមទុនក្នុងការដាំដុះ។
ពួកគេប្រកែកថា បទប្បញ្ញត្តិដ៏តឹងរឹងដែលដាក់លើកសិករសហភាពអឺរ៉ុបដើម្បីការពារបរិស្ថានធ្វើឱ្យពួកគេមានការប្រកួតប្រជែងតិចជាងកសិករនៅក្នុងតំបន់ផ្សេងទៀតដូចជាអាមេរិកឡាទីនឬប្រទេសដែលមិនមែនជាសហភាពអឺរ៉ុប។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការបិទផ្លូវរបស់កសិករនៅប្រទេសបារាំង និងបែលហ្ស៊ិក ពេលខ្លះបានឈានដល់ការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិសផងដែរ៕

ដោយ៖ ធីរីណា


ចែករំលែក៖