ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២៣៖ ស្ថានភាពចរាចរណ៍ផ្លូវគោក មានការប្រែប្រួលល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការលើកឡើងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំរបស់ខ្លួន​ បានបញ្ជាក់ថា​ កាលពីឆ្នាំ២០២៣កន្លងទៅនេះ តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអង្គភាពពាក់ព័ន្ធ បានធ្វើឱ្យស្ថានភាពចរាចរណ៍ផ្លូវគោក មានការប្រែប្រួលល្អប្រសើរ និងបានជះឥទ្ធិពលដល់ចិត្តសាស្ត្រ អ្នកប្រើប្រាស់ដងផ្លូវ ឱ្យកាន់តែផ្លាស់ប្តូរឥរិយាបថមកគោរព និងអនុវត្តន៍ច្បាប់គួរឱ្យកត់សម្គាល់ ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា មានកត្តាចំនួន២ ដែលធ្វើឱ្យស្ថានភាពចរាចរណ៍ផ្លូវគោក កាលពីឆ្នាំ២០២៣កន្លងទៅមានការប្រែប្រួលល្អប្រសើរគឺ៖ ទី១- ការពង្រឹងគុណភាព នៃប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ (១១៧) បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយសាធារណជន និងអ្នកប្រើប្រាស់ដងផ្លូវដែលមានចម្ងល់ និងសំណូមពរនានា ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ បទដ្ឋានក្រោមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានការអនុវត្តន៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ឬការទិតៀនកែលម្អចំពោះសកម្មភាព និងឥរិយាបថ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់មានការថយចុះប្រមាណ ៧ភាគរយ បើប្រៀបធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២២។ ទី២- ការពង្រឹងយន្តការត្រួតពិនិត្យ និងម្ចាស់ការក្នុងការកែសម្រួល នូវវិធានការត្រួតពិនិត្យជាបន្តបន្ទាប់ ធ្វើការកែលម្អនូវចំណុចខ្វះខាតរបស់មន្ត្រីទាំងសកម្មភាព និងឥរិយាបថក្នុងពេលបំពេញការងារ បានធ្វើឱ្យប្រតិបត្តិការរបស់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដំណើរការទៅក្នុងភាពវិជ្ជមាន និងទទួលបានការគាំទ្រពីសាធារណជន។

គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តលើកឡើងថា ក្រៅពីលទ្ធផលខាងលើនេះ ការរៀបចំយន្តការដើម្បីប្រតិកម្មរហ័ស និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ក៏ដូចជាកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយបណ្តាញព័ត៌មានរដ្ឋ និងឯកជន មិនត្រឹមតែបង្កើតបាននូវមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតប និងការវាយបកដើម្បីបន្សាបឥទ្ធិពលនៃព័ត៌មានប្រឌិត ក៏ដូចជាឧបាយកលទុច្ចរិត ឆក់ឱកាសប្រឆាំងការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺថែមទាំងបានបកស្រាយបំភ្លឺ លុបបំបាត់ការភ័ន្តច្រឡំ ផ្តល់ព័ត៌មាន និងដោះស្រាយសំណូមពរជូនពលរដ្ឋ បានទាន់ពេលវេលា ដោយបានធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់ដងផ្លូវយ៉ាងច្រើនលើសលប់ មានការយល់ដឹងអំពីគោលបំណង និង គុណប្រយោជន៍ នៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងបានចូលរួមគាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលថែមទៀតផង ។

ទន្ទឹមនឹងផលវិជ្ជមានខាងលើនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានរំលេចនូវចំណុចអវិជ្ជមាន និងបញ្ហាប្រឈមសម្រាប់ឆ្នាំ២០២៣ផងដែរ ដោយបានគូសបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នករងរបួស មានកំណើនបើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ។ 

ជាមួយគ្នានេះគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវយ៉ាងទទូចទៅដល់អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមឱ្យចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា តាមរយៈការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ បើកបរដោយការគោរពច្បាប់ចរាចរណ៍ជាចម្បង ជាពិសេសការបើកបរដែលមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៕

ដោយ៖ តារា


ចែករំលែក៖