ព័ត៌មានទាន់ហេតុការណ៍៖

សូមគាំទ្រ ! ប្រជានេសាទ បានលែងត្រីរាជ ១ក្បាល ទម្ងន់១២០ គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលទន្លេសាបវិញ ដើម្បីជួយអភិរក្សប្រភេទត្រីកម្រ

ចែករំលែក៖

ភ្នំពេញ ៖ សកម្មភាពរបស់ប្រជាពលរដ្ឋ ទទួលបានការយល់ជ្រាប ក្នុងគោលបំណងការពារអភិរក្សមច្ឆាជាតិ កាន់តែមានភាពផុសផុល គួរអោយកោតសរសើរ គោរព ស្រឡាញ់ ។ សូមបញ្ជាក់ថា ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោក ស៊ឺ ម៉ៅ ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញា ខេត្តកណ្តាល។   សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត។   បើតាមគេហទំព័រផ្លូវការរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា ៖ ត្រីរាជជាប្រភេទត្រីទឹកសាប ដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ ប្រភេទគឺ បបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។   ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។   ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។   ត្រីរាជនេះ អាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រី ដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង ១០គីឡូក្រាម។   ត្រីរាជស៊ីស្លែ ជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាល ដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ។ 

ប្រធានរដ្ឋបាលជនផល លោក ព្រំ សុថា បានចេញលិខិតសរសើរ ដោយបញ្ជាក់ថា ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរ ដ៏ស្មោះជូនចំពោះ លោក ស៊ី ម៉ៅ អាយុ៤៩ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលក្នុង ទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគន្លងដោយលេខ១៥E ភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត។ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលជលផល ខ្ញុំសូមជូនពរបវរមហាប្រសើរ ចំពោះលោកនិងក្រុមគ្រួសារ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូម លោក ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖