ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំពាវនាវឱ្យមានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសាធារណជនជាអ្នក ប្រើប្រាស់ផ្លូវទាំងអស់យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវនៅក្នុងឧកាស ចូលឆ្នាំចិននេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចៀសផុតពីការស្លាប់ របួស និង ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយត្រូវអនុវត្តវិធានការសុវត្ថិភាពដូចខាងក្រោម៖

១-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។

២-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។

៣-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៥-មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន។

៦-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

៧-កុំប្រើទូរស័ព្ទក្នុងពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់សម្លេងទំនាក់ទំនង។

៨-មុនចេញដំណើរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវត្រួតពិនិត្យកង់ ចង្កូត ហ្វាំងភ្លើងបំភ្លឺ។ល។

៩-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមជឿជាក់លើស្មារតីចូលរួមគោរពអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ ៕ 

ដោយ ៖ សិលា


ចែករំលែក៖