ភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី១១ ខែកុម្ភ: ឆ្នាំ២០២៤នេះ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនមានការកកស្ទះយូរទេ នៅច្រកចេញភ្នំពេញ បន្តកន្ទុយគ្នាប្រមាណ១៥០ម៉ែត្រប៉ុណ្ណោះ។
យានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់ តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានលើកឡើងថា ៖ ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន និងមានការសម្រួលពីសមត្ថកិច្ចនគរបាលផ្លូវល្បឿនលឿន និងដោយបានអនុវត្តបើកច្រកបន្ថែមបញ្ចាសទិសជានីតិវិធីថ្មីដែលបានត្រៀមទុកមុន ដើម្បីបញ្ចៀសការកកស្ទះយូរ។
គិតត្រឹមម៉ោង៦ល្ងាចនេះ មានយានយន្តឆ្លងចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣.៤៥២គ្រឿង (ម្សិលមិញចំនួន ១៨.៧០៧គ្រឿង) និងមិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងទេ ៕
ដោយ ៖ សិលា