ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃ! រាលឆេះឃ្លាំងដាក់សម្ភារៈ១ខ្នងអស់ទាំងស្រុង នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងនាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា កណ្តាលថ្ងៃត្រង់ម្សិលមិញ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្ដាលឲ្យខូចខាតឃ្លាំងដាក់សម្ភារៈរបស់ប្រជាកសិករ១ខ្នង រួមទាំងសម្ភារៈ ។

សមត្ថកិច្ចនគរបាលឲ្យដឹងទៀតថា ករណីអគ្គិភ័យឆាបឆេះឃ្លាំងខាងលើ បានកើតឡើងនៅចំណុចអូរកំបោរ ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ឃ្លាំងត្រូវបានអគ្គិភ័យឆាបឆេះទំហំ ទទឹងប្រវែង១៨ម៉ែត្រ គុណនឹងបណ្ដោយប្រវែង២០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្ដា ។ ម្ចាស់ផ្ទះឈ្មោះ ឡោ ឡាំ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន មានទីលំនៅ ភូមិ.ឃុំកើតហេតុ ហើយឃ្លាំងនោះនៅក្រោយផ្ទះ ។ សម្ភារៈខូចខាត រួមមាន ឈើអារជា(ក្ដា)មួយចំនួន គ្រឿងសង្ហារឹម សម្ភារៈផ្សេងៗ និងត្រាក់ទ័រ១គ្រឿង ម៉ាក ហ្វត ។

នគរបាលបញ្ជាក់បន្ថែមទៀតថា ករណីអគ្គិភ័យឆាបឆេះឃ្លាំងខាងលើ ដែលបណ្ដាលឲ្យខូចខាតទាំងស្រុងនេះ ពុំមានបណ្តាលឲ្យមនុស្សរងរបួសនោះទេ មូលហេតុ ភ្លើងឆេះព្រៃរាលឆ្លងមកឆេះបែបនេះ ខណៈខែនេះជារដូវប្រាំងក្ដៅខ្លាំង រុក្ខជាតិផ្សេងៗខ្លោចក្រៀមងាយភ្លើងឆាបឆេះ ក្នុងនោះដែរសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមផងដែរ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅតំបន់កើតហេតុ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖