ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេស «ក្បាលម៉ាស៊ីន»នៅអឺរ៉ុបចំនួន៣

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រមុខការទូតចិន លោក Wang Yi ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទសន្តិសុខទីក្រុង Munich មុនពេលបន្តដំណើរទៅអេស៉្បាញ និងបារាំង។អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកុម្ភៈ លោករដ្ឋមន្រ្តីការបរទេសចិន នឹងចូលរួមសន្និសីទសន្តិសុខ Munich លើកទី៦០ ហើយបន្ទាប់មកទៀត រូបលោកនឹងបន្តទៅបំពេញទស្សនកិច្ចនៅអេស៉្បាញនិងបារាំង ខណៈនៅបារាំង លោក Wang នឹងបើកកិច្ចសន្ទនាយុទ្ធសាស្រ្តចិន-បារាំង។
បើតាមសេចក្តីថ្លែងការណ៍ខាងលើ អំលុងសន្និសីទសន្តិសុខទីក្រុង Munich លោក Wang Yi នឹងថ្លែងសុន្ទរកថាបង្ហាញនូវគោលជំហររបស់ចិន ស្តីពីការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ក៏ដូចជាការលើកកម្ពស់ពិភពលោកពហុប៉ូល ដែលស្មើភាពនិងប្រកបដោយសណ្តាប់ធ្នាប់។ ចំណែក ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អេស៉្បាញ នឹងជាលើកដំបូងបំផុតសម្រាប់ប្រមុខការទូតចិន ក្នុងរយៈពេល៦ឆ្នាំ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖