ព័ត៌មានទាន់ហេតុការណ៍៖

កប៉ាល់ដឹកទំនិញរបស់អង់គ្លេសរងការវាយប្រហារពីក្រុមហ៊ូទី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា ក្រុមហ៊ូទីរបស់ប្រទេសយេម៉ែនបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៉ីលទៅលើកប៉ាល់ Lycavitos ដែលមានដោតទង់ជាតិ Barbados នៅឯឈូងសមុទ្រ Aden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ក្រុមហ៊ូទីនិយាយថា កប៉ាល់ដែលត្រូវបានកំណត់គោលដៅនោះជារបស់ចក្រភពអង់គ្លេស។ កប៉ាល់នេះគ្រប់គ្រងដោយសហគ្រាសដឹកជញ្ជូន Helikon ដែលមានការិយាល័យក្នុងទីក្រុងឡុងដ៏ ទីក្រុងអាថែន ប្រទេសក្រិក និងទីក្រុង Dalian ប្រទេសចិន។ តែបើតាមសហគ្រាស Helikon កប៉ាល់នេះជាកម្មសិទ្ធិរបស់ក្រិកទេ ហើយព័ត៌មានលម្អិតដែលចេញផ្សាយ ដោយទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) គឺ «នៅមិនទាន់ផ្លូវការ»។
ក្នុងការបញ្ជាក់ដាច់ដោយឡែកមួយ ក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បានឱ្យដឹងថា កប៉ាល់រងការខូចខាតតិចតួច ក្រោយរងការវាយប្រហារដោយគ្រាប់រំសេវផ្ទុះ ចម្ងាយប្រហែលជាង ១០០គីឡូម៉ែត្រក្នុងសមុទ្រខាងកើតនៃទីក្រុងកំពង់ផែ Aden របស់ប្រទេសយេម៉ែន ខណៈក្រុមនាវិកមិនមានរបួសទេ។ ក្រុមហ៊ុនសន្តិសុខ បានណែនាំឱ្យកប៉ាល់ផ្សេងទៀតអនុវត្តការប្រុងប្រយ័ត្ន ខណៈដែលក្រុមហ៊ូទីកំណត់គោលដៅលើកប៉ាល់ជាច្រើនក្នុងមួយថ្ងៃ និងកប៉ាល់មួយចំនួនជាច្រើនលើក។
ក្រុមហ៊ូទី បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលម្តងហើយម្តងទៀតលើការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិនៅសមុទ្រក្រហមនិងច្រកសមុទ្រ Bab al-Mandab ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក។ ពួកគេកំណត់គោលដៅលើកប៉ាល់ពាណិជ្ជកម្មដែលមានទំនាក់ទំនងជាមួយអ៉ីសា្រអែល សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vessel Finder


ចែករំលែក៖