ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៤នេះបានធ្វើការបំភ្លឺពាក់ព័ន្ធក្នុងការផ្សាយព័ត៌មានមួយក្នុងស្រុកស្ដីពីការអភិវឌ្ឍគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ឆ្នាំ២០២៣ អនុវត្តឆ្នាំ២០២៤។
រដ្ឋបាលស្រុករមាសហែកសូមធ្វើការបកស្រាយដល់មហាជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៣ៈ៣០នាទីរសៀល លោក ផាត់ ហ៊ន សារព័ត៌មាន kh Plaus New បានមកឡាយនៅក្នុងឃុំត្រពាំងស្តៅ ស្ដីពីការអភិវឌ្ឍគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ឆ្នាំ២០២៣ អនុវត្តឆ្នាំ២០២៤ ដែលអនុវត្តជួសជុលដោយក្រុមហ៊ុនកែវ សុភ័ក្រ ការកែលម្អផ្លូវនេះក្រុមហ៊ុនបានបើកប្រាក់លើកទីមួយស្មើនឹង ៤៥% រួចហើយ។
ចំពោះការលើកឡើង របស់លោក ផាត់ ហ៊ន អ្នកសារព័ត៌មាន Kh Plaus New និយាយថា ក្រុមហ៊ុនរត់ចោលនោះមិនមែនជាការណ៍ពិតនោះទេ ដោយហេតុក្រុមហ៊ុនទទួលម៉ៅការច្រើន គម្រោងតាមបណ្ដាឃុំ ដូច្នេះគ្រឿងចក្រដែលត្រូវកែលម្អផ្លូវនេះវិលជុំទៅកន្លែងផ្សេង បណ្ដាលឱ្យមានការយឺតយ៉ាវក្នុងការកែលម្អផ្លូវមួយខ្សែនេះ រដ្ឋបាលស្រុកបានទាក់ទងជាមួយក្រុមហ៊ុនរួចហើយ ក្រុមហ៊ុនបានសន្យាថា និងអនុវត្តបន្តរហូតដល់រួចរាល់ជាស្ថាពរនាពេលខាងមុខនេះ៕
ដោយ៖ សុថាន