ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃ១អង្គបានរងរបួសដោយសារភ្លើងដែលលោកដុតបានឆេះរាលដាលប៉ះចំគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅវត្តបរមសាលព្រឹក (ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម ញឹម សុណាង ព្រះជន១៧ឆ្នាំ គង់នៅវត្តបរមសាលព្រឹក (ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកអធិការបានបន្តថា តាមការបំភ្លឺពីព្រះសង្ឃក្នុងវត្តព្រះនាម សុខ សិរីវត្តនា ព្រះជន២២ឆ្នាំ បានប្រាប់ថា នៅមុនពេលកើតហេតុ មានព្រះសង្ឈ៣អង្គបានប្រមូលដុតសំរាមនៅខាងក្រោយវត្ត លុះដល់ពេលដុតបានមួយសន្ទុះ ដល់វេលាម៉ោងប្រហែល៥និង៤០នាទីល្ងាច ឃើញភ្លើងឆេះរាលខ្លាំងក៏នាំគ្នាមកពន្លត់ពេលនោះស្រាប់តែព្រះសង្ឃមួយអង្គព្រះនាម ញឹម សុណាង កំពុងដើរពន្លត់ភ្លើង
(សង្ស័យភ្លើងឆេះចំគ្រាប់មិនទាន់ផ្ទុះក៏បានផ្ទុះ)បណ្ដាលឱ្យត្រូវរងរបួសព្រះសង្ឃអង្គខាងលើតែម្ដង៕
ដោយ៖ វណ្ណា