ភ្នំពេញ៖ ក្នុងឱកាសដ៏មហោឡារឹកនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នេះ ក្នុងនាមកាកបាទក្រហម កម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បី សុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបង-ប្អូនជនរួមជាតិ ទាំងអស់ អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវា ថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល-។ ប្រធានបទនេះ មានគោលបំណងរំលេចឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះក្នុង វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ការដាក់ចុះវិធានការគន្លឹះដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនេះ ក៏បានគូសបញ្ជាក់ឱ្យឃើញនូវសមិទ្ធផលយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦- ២០២៥ ក្នុងការឆ្លើយតបទៅនឹងវិវត្តន៍ដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ អន្តរជាតិ, ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរ តាមរយៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំកម្មវិធីផ្តល់អាហារតាមសាលារៀន។ល។ និងកម្មវិធីផ្តល់អត្ថប្រយោជន៍គាំពារសង្គម មួយចំនួនទៀតដូចជា៖ មូលនិធិសមធម៌សុខាភិបាល, មូលនិធិសមធម៌សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធនិង ក្រុមគោលដៅ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីក្នុងនិងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ព្រមជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវរបបសន្តិសុខសង្គមជាបន្តបន្ទាប់ សម្រាប់មន្ត្រីរាជការសាធារណៈ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជននិយោជិតក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ បាននិងកំពុងបន្ត ជួយពង្រឹង និងជួយពង្រីកវិសាលភាពនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល ស្របទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសសេវាថែទាំសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។ នៅក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្តេជ្ញាចិត្តចូលរួមគាំទ្រ និង ខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេល មានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាពមាតា ទារក និងកុមារ ការបង្ការទប់ស្កាត់ជំងឺឆ្លង ដូចជាការចម្លង មេរោគអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយមកកូន ដើម្បីសម្រេចបាននូវគោលដៅក្រោម ៥% នៅឆ្នាំ២០២៥ ខាងមុខនេះ, ជាមួយនឹងការលើកកម្ពស់ការអនុវត្តការរស់នៅល្អ ដោយប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយ សុខភាពល្អ (Healthy Lifestyle) ការបញ្ចៀសបាននូវជំងឺមិនឆ្លងនានាដូចជា ជំងឺបេះដូង ជំងឺស្ទះសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។
អាស្រ័យហេតុនេះ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៤នេះ ខ្ញុំសូមអំពាវនាវ ចំពោះបង-ប្អូនរួមជាតិ ជាពិសេស បុរសនិងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ ៖
១. សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលវ៉ាក់សាំង បង្ការជំងឺ និងការចម្លងមេរោគពីម្ដាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមាន គ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
២. ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន បំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និង ផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៣. សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
៤. សូមយុវតី ស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យ ជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូមបន្ត ចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺ មហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃ មរណភាព និងពិការភាព។
៥. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នកផ្តល់សេវាទាំងអស់ ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលដៅកំណត់របស់រាជរដ្ឋាភិបាល។
៦. សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។
៧. សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជិតស្និទ្ធ ជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំសុខភាព ដល់គ្រប់ស្ត្រីគោលដៅ ទាំងអស់ និងជួយជំរុញបញ្ជូនស្ត្រីមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
៨. សូមស្ថាប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់ បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និង ជំនាញពិតប្រាកដ។
ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការ ធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ខ្ញុំសូមអរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិនិងអន្តរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ដែលបាន និងកំពុងគាំទ្រយ៉ាងសកម្មដល់ការងារសុខភាពមាតា ទារក និងកុមារ។
ខ្ញុំសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឱ្យស្ថិតនៅជាប់ជាមួយយើង ទាំងអស់គ្នាជានិច្ច ដើម្បីជំរុញសកម្មភាពឱ្យសម្រេចបានគោលដៅធំៗដែលបានកំណត់ ពិសេសការគ្របដណ្តប់ សុខភាពជាសកលនៅឆ្នាំ២០៣០៕
ដោយ៖ តារា