ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តឡើងស្ពានជ្រោយចង្វាបុកឡំប្រឺតាពីក្រោយបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត ឡើងស្ពានជ្រោយចង្វាយ៉ាងលឿនទៅបុកឡំប្រឺតាពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរសអ្នកបើកឡំប្រឺតា រងរបួសធ្ងន់ ហើយរថយន្តបង្ក ព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បានមកវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើកម៉ូតូឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AD-3513 បើកបរចេញពីចំណុចរង្វង់មូលគួចកាណុងឡើងស្ពានជ្រោយចង្វាឆ្លងទៅផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើត ខណៈបើកឡើងមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BI-9519 បើកបរដោយបុរសម្នាក់ មកពីក្រោយស្របទិសគ្នាឡើងលើស្ពានជ្រោយចង្វា ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូឡំប្រឺតាពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកឡំប្រឺតារងរបួសបែកក្បាល ត្រូវបានសាច់ញាតិដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្កវិញ មិនព្រមនៅឈប់ដោះស្រាយព្យាយាមបើករត់តាមបណ្តោយផ្លូវអូស៊ីអាយស៊ី តែត្រូវសមត្ថកិច្ចឃើញបើកម៉ូតូដេញពីក្រោយរហូតដល់ចំណុងហាងមួយកន្លែង ទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរ និងរថយន្តនាំយកទៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វាសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់វាស់វែង ធ្វើកំណត់ហេតុយករថយន្តបង្ក និងម៉ូតូឡំប្រឺតាទៅរក្សា ទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖